កប៉ាល់ដឹកឡានជិត ៤ពាន់គ្រឿង ដែលឆាបឆេះនោះ ពេលនេះបានលិចចូលសមុទ្រហើយ

[ទីផ្សារបរទេស] កាលពីពីរសប្ដាហ៍មុន កប៉ាល់ដឹកជញ្ជូនរថយន្តម៉ូដែល Felicity Ace ដែលមានដឹកជញ្ជូនរថយន្តជិត ៤ពាន់គ្រឿងរបស់ក្រុមហ៊ុន Volkswagen Group បានជួបឧបទ្ទវហេតុ​ឆាបឆេះ​នៅ​កណ្ដាល​មហាសមុទ្រអាត្លង់តិច។

ពេលនេះដែរ ក្រុមហ៊ុនដែលគ្រប់គ្រងកប៉ាល់មួយនេះបានធ្វើការចេញផ្សាយដែលបញ្ជាក់ថាកប៉ាល់ Felicity Ace បាន​លិចចូលក្នុងទឹកសមុទ្រ​ក្នុង​ចម្ងាយប្រមាណ ៣៧០គីឡូម៉ែត្រ ពី​តំបន់ Azores នៃប្រទេសព័រទុយហ្គាល់ ដែលធ្វើឲ្យរថយន្តជិត ៤ពាន់គ្រឿង មិនអាចស្រោចស្រង់យកមកវិញបានឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កប៉ាល់ Felicity Ace ធ្លាប់ត្រូវបានបញ្ជាក់ថាបានដឹកជញ្ជូនរថយន្តជិត៤ពាន់គ្រឿង សុទ្ធសឹងជារថយន្តប្រណីតដែលរួមមានរថយន្ត Bentley ចំនួន១៨៩គ្រឿង, រថយន្ត Porsche រាប់ពាន់គ្រឿង និងរថយន្ត Lamborghini ជាច្រើនគ្រឿងផងដែរ។ ការប៉ាន់ស្មានដំបូងលើថ្លៃខូចខាតគឺអាចមានទំហំដល់ ៣៣៥លានដុល្លារ។

នាពេលកន្លងមក ទោះបីជាអគ្គិភ័យបានឆាបឆេះកប៉ាល់យ៉ាងសន្ធោសន្ធៅ ប៉ុន្តែគេនៅមានក្ដីសង្ឃឹមថារថយន្តមួយចំនួនអាចនឹងត្រូវជួយសង្គ្រោះបាន។ ប៉ុន្តែជាមួយដំណឹងថ្មីនេះមានន័យថាឱកាស​សង្គ្រោះគឺស្មើសូន្យ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម