Audi បានដាក់បង្ហាញរូបរាង Q7 ស៊េរីឆ្នាំ ២០២០ ផ្លូវការ ដោយទទួលបានការរចនាថ្មីស្រដៀងទៅនឹងម៉ូដែល Q8 ។ SUV បំពាក់កៅអី ៣ ជួរនេះ នឹងត្រូវបង្ហាញជាផ្លូវការនៅអឺរ៉ុបក្នុងពាក់កណ្តាលខែកញ្ញា ។
កំណែធំបំផុតមួយលើ Audi Q7 ស៊េរីថ្មី គឺការបំពាក់ប្រព័ន្ធ Electromechanical Active Roll Stabilization ដែលជួយកាត់បន្ថយចលនានៃតួរថយន្តលើផ្លូវរលាក់ ហើយនៅពេលរថយន្តបើកលើផ្លូវកោង វានឹងជួយកាត់បន្ថយការផ្អៀងនៃតួខ្លួនរថយន្តយ៉ាងល្អបំផុត ។
SUV របស់អាល្លឺម៉ង់ខាងលើក៏ទទួលបានការកែមុខមាត់ថ្មី ដោយប្រើចង្កៀងមុខប្រភេទ HD Matrix LED Laser , ប៉ាណា និង រន្ធបឺតខ្យល់ផ្នែកខាងមុខថ្មី ព្រមទាំងចង្កៀង និង រូបរាងផ្នែកខាងក្រោយថ្មីទៀតផង ។
រថយន្ត Q7 ឆ្នាំ ២០២០ នឹងប្រើម៉ាស៊ីន ដូចជា ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង កម្លាំង ២២៨ សេះ និង ២៨២ សេះ , ម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង កម្លាំង ៣៣៥ សេះ និង ម៉ាស៊ីន Plug-in Hybrid ផងដែរ ។ ម៉ាស៊ីនទាំងអស់នេះដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទ Tiptronic និង ប្រព័ន្ធបើកបរប៉ុងពីរ Quattro AWD ។
ដោយឡែក ផ្នែកខាងក្នុងវិញ Q7 ក៏បានបំពាក់ប្រព័ន្ធកម្សាន្ត-ព័ត៌មាន MMI ជំនាន់ចុងក្រោយបង្អស់ ជាមួយនឹងអេក្រង់ដ៏ធំចំនួន ២ នៅផ្នែកកណ្តាលនៃតាប្លូ រួមទាំងកុងទ័រឌីជីថល Audi’s Virtual Cockpit មកស្តង់ដារតែម្តង ៕