កាលពីពេលថ្មីៗនេះ រថយន្ត Lexus LFA ស៊េរីឆ្នាំ២០១២ មួយគ្រឿង ត្រូវបានដាក់លក់ ក្នុងតម្លៃរហូតដល់ទៅ ៦៨០ ០០០ដុល្លារ។
រថយន្តដែលមានតួខ្លួនលេខ 095 នេះ ត្រូវបានដាក់លក់ដោយ Hyper Voitures ដែលជាឈ្មួញលក់រថយន្តនៅឯទីក្រុង Sharjah ប្រទេសអារ៉ាប់រួម។ ទោះជាយ៉ាងណាក៏ដោយ រថយន្ត Lexus LFA ពណ៌ត្នោត Pearl Brown នេះ មានតម្លៃមិនដល់ ៤០០ ០០០ដុល្លារឡើយ កាលពីពេលចេញលក់ថ្មីដំបូង។
យ៉ាងណាក៏ដោយ រថយន្ត Lexus LFA មានក្តេរិ៍ឈ្មោះល្បីល្បាញ ដោយសារតែការប្រើប្រាស់ម៉ាស៊ីនចំណុះ ៤,៨លីត្រ V10 ដែលបង្កើតកម្លាំងបានរហូតដល់ទៅ ៥៦០សេះ។
គួរឲ្យដឹងថា រថយន្តស្ព័រជប៉ុនខាងលើនេះទើបតែត្រូវបានគេប្រើប្រាស់បានចម្ងាយ ១ ៧២៨គីឡូម៉ែត្រប៉ុណ្ណោះ ដែលវាស្ទើរតែដូចរថយន្តថ្មីទៅហើយ៕