ការពិត មិនថារថយន្តចំហេះក្នុង ឬអគ្គិសនីសុទ្ធទេ គឺ​ Toyota ក្តោបទាំងអស់ គ្រាន់តែប្រើយុទ្ធសាស្រ្តបំបែកទីផ្សារ

ក្រុមហ៊ុន Toyota ត្រូវបានរាយការណ៍ថា កំពុងប្រើប្រាស់យុទ្ធសាស្រ្តបំបែកទីផ្សារ សម្រាប់​រថយន្តចំហេះក្នុង និងរថយន្តអគ្គិសនីសុទ្ធ ពោលគឺ​មានន័យថា ទីផ្សាររថយន្តទាំងពីរប្រភេទនេះ ត្រូវកំណត់គោលដៅផលិត និងលក់ នៅតាមតំបន់សក្តានុពលផ្សេងពីគ្នា។

សម្រាប់រថយន្តអគ្គិសនី គឺ Toyota ផ្តោតការផលិតនិងលក់​នៅក្នុងប្រទេសចិន ដែលជាប្រទេសនាំមុខគេលើរថយន្តប្រភេទនេះ តាមរយៈកិច្ចសហការ​ជាមួយក្រុមហ៊ុនក្នុងស្រុកចិនធំៗ ដូចជា GAC, BYD, Momenta និង Huawei ជាដើម ដើម្បីឲ្យរថយន្តកាន់តែមានតម្លៃសមរម្យ និងបំពាក់បច្ចេកវិទ្យាទំនើបៗ ដែលអាចប្រកួតប្រជែងក្នុងទីផ្សារប្រទេសនេះបាន។ រថយន្តអគ្គិសនី Toyota ដ៏ពេញនិយម ដែលសហការផលិតនៅក្នុងប្រទេសចិន រួមមានដូចជា bZ3X, bZ5 និង bZ7។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែករថយន្តចំហេះក្នុងវិញ គឺ Toyota បានផ្តោតខ្លាំងជាពិសេសនៅអាមេរិកខាងជើង ដោយសារតំបន់នេះ​មានភាពយឺតយ៉ាវខ្លាំងលើរថយន្តអគ្គិសនី ហើយមិនតែប៉ុណ្ណោះ ថ្មីៗនេះរដ្ឋបាល ដូណាល់ ត្រាំ ក៏បានដកចេញការលើកទឹកចិត្តផ្សេងៗវិញពី EV ទៀតផង។ អ្វីដែល Toyota បានអភិវឌ្ឍបន្ថែមលើរថយន្តចំហេះក្នុងនោះ គឺការបំពាក់ Hybrid ពោលគឺស្ទើរតែគ្រប់ម៉ូឌែល Toyota ដែលផលិតនៅអាមេរិកទៅហើយ សុទ្ធតែបំពាក់ជាមួយ Hybrid និងខ្លះ Plug-in Hybrid។ ក្រៅពីអាមេរិក Toyota នៅតែបន្តផលិតរថយន្តចំហេះក្នុង នៅតាមតំបន់នានា ដោយរួមមានទាំងតំបន់អាស៊ានផងដែរ។

ការដើរនៅលើផ្លូវយុទ្ធសាស្រ្តបំបែកទីផ្សារបែបនេះ គឺដើម្បីបង្ការនូវភាពមិនប្រាកដប្រជារបស់អនាគតរថយន្តអគ្គិសនីក្នុងពិភពលោក។ ថ្នាក់ដឹកនាំ Toyota បានអះអាងថា តំបន់ផ្សេងគ្នា គឺមានតម្រូវការខុសគ្នាដែរ ហើយកម្រិតនៃការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ក៏មានតិចមានច្រើននៅតាមប្រទេសនីមួយៗផងដែរ ដូច្នេះ បើសម្រុកតែទៅលើរថយន្តអគ្គិសនីសុទ្ធ គឺប្រាកដជាមានហានិភ័យខ្ពស់។ អ៊ីចឹងហើយ មកដល់ពេលនេះ Toyota បានបន្តអភិវឌ្ឍរថយន្តចំហេះក្នុង​ដោយបំពាក់បច្ចេកវិទ្យាថ្មីៗដែលកាត់បន្ថយ​ការបញ្ចេញផ្សែងបានខ្ពស់ ដូចជា Hybrid និង Plug-in Hybrid ព្រមទាំងរថយន្តអ៊ីដ្រូសែនផងដែរ ជាមួយនឹងរថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម