បច្ចុប្បន្ន មានការជជែកជាច្រើនអំពីរឿងរ៉ាវដែលមនុស្ស នឹងងាកទៅប្រើរថយន្តបើកបរស្វ័យប្រវត្តិនាពេលអនាគត ប៉ុន្តែការសិក្សាថ្មីមួយ ហាក់មិនគាំទ្រចំពោះការអះអាងនេះឡើយ។
ការស្ទង់មតិមួយរបស់សមាគមរថយន្តអាមេរិក American Automobile Association បានឲ្យដឹងថា ៧១ ភាគរយនៃអ្នកដែលត្រូវគេចោទសួរ មិនហ៊ានជិះក្នុងរថយន្តបើកបរស្វ័យប្រវិត្តឡើយ។ ការស្ទង់មតិនេះត្រូវបានចោទសួរលើមនុស្សពេញវ័យ អាយុចាប់ពី ១៨ ឆ្នាំឡើងទៅ សរុបចំនួន ១ ០០៨ នាក់។
សមាគមរថយន្តអាមេរិកបានឲ្យដឹងថា ការកើនឡើងគួរឲ្យកត់សម្គាល់ ចំពោះភាពមិនជឿទុកចិត្តលើរថយន្តបើកបរស្វ័យប្រវត្តិ អាចមកពីឧប្បត្តិហេតុនៃរថយន្តបើកបរស្វ័យប្រវត្តិ ដែលបានកើតឡើងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។
សមាគមរថយន្តខាងលើជឿជាក់ថា ការធ្វើអន្តរកម្មជាមួយប្រព័ន្ធជំនួយការបើកបរទំនើប Advanced Driver Assistance Systems (ADAS) ដូចជា មុខងារ Lane Keeping Assistance, Adaptive Cruise Control, Automatic Emergency Braking និង ការចូលចតដោយស្វ័យប្រវត្តិ ជួយឲ្យកម្រិតផាសុកភាពរបស់អ្នកបើកបរកាន់តែប្រសើរឡើង។
ការស្ទង់មតិបានរកឃើញថា អ្នកបើកបររថយន្តដែលមានមុខងារ ADAS ទាំង ៤ ខាងលើ ប្រហែល ៦៨ ភាគរយ ហាក់ដូចជាទុកចិត្តលើលក្ខណៈពិសេសទាំងនេះ ជាងអ្នកដែលមិនមាន៕