
ការសិក្សាថ្មីមួយធ្វើឡើងដោយវិទ្យាស្ថាន Fraunhofer នៃប្រទេសអាល្លឺម៉ង់ បានរកឃើញថា រថយន្ត PHEV មានកម្រិតប្រើប្រាស់សាំងលើសពីការធ្វើតេស្ត ឬលើសពីការផ្សព្វផ្សាយរបស់ក្រុមហ៊ុនផលិត ដល់ទៅ ៣០០% ឯណោះ។

ទិន្នន័យពិតជាក់ស្តែងនេះ ត្រូវបានប្រមូលចេញពីរថយន្ត PHEV ជិត ១លានគ្រឿង នៅតំបន់អឺរ៉ុប ដោយបានរកឃើញពីចន្លោះប្រើប្រាស់សាំងជាមធ្យម ៦,១២លីត្រក្នុង១០០គីឡូម៉ែត្រ ពោលគឺលើសពីការផ្សព្វផ្សាយដែលជាមធ្យមថា ស៊ីសាំងត្រឹមតែ ១,៥៧លីត្រ ក្នុង១០០គីឡូម៉ែត្រ។ រថយន្តដែលត្រូវបានប្រមូលទិន្នន័យនេះ គឺជារថយន្តដែលផលិតនៅចន្លោះឆ្នាំ ២០២១ និង ២០២៣។

គួរដឹងថា រថយន្ត PHEV រត់ទាំងលើអគ្គិសនីសុទ្ធផង និងម៉ាស៊ីនចំហេះក្នុងផង ដែលអាចរត់ឆ្លាស់គ្នាបាន ហើយកន្លងមកក្រុមហ៊ុនតែងតែផ្សព្វផ្សាយអួតអាងថា រថយន្ត PHEV របស់ពួកគេ បើរត់តែលើអគ្គិសនីសុទ្ធគឺមិនស៊ីសាំងនោះទេ ឬស៊ីសាំងតិចតួចបំផុត។ ត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យមានការយល់ច្រឡំចំពោះអ្នកប្រើប្រាស់។ ការពិតជាក់ស្តែង អ្នកវិទ្យាសាស្រ្តរបស់វិទ្យាស្ថាន Fraunhofer បានរកឃើញថា ការរត់តែលើម៉ូដអគ្គិសនីសុទ្ធ មិនមែនន័យថា រថយន្តមិនស៊ីសាំងនោះទេ ពោលគឺបើទោះបីជារថយន្តរត់តែលើអគ្គិសនីសុទ្ធក៏ដោយ ក៏សាំងនៅតែត្រូវបានស៊ីដដែល ព្រោះថា នៅពេលអ្នកបើកបរ ជាន់ហ្គែរបង្កើនល្បឿនម្តងៗ វានឹងរត់ចូលម៉ូដម៉ាស៊ីនសាំងវិញដោយស្វ័យប្រវត្តិ ហើយកម្រិតស៊ីសាំងក៏ទៅតាមនោះផងដែរ៕

















