កុំចេះតែជិះនោះ! ៥ ចំណុចនេះចាំបាច់ត្រូវពិនិត្យ ក្រោយជិះបាន ៨ ម៉ឺនគីឡូម៉ែត្រ

​រថយន្ត​ដែល​ប្រើ​រាប់​ឆ្នាំ​មក​ហើយ​នោះ​ នឹង​នៅ​តែ​មាន​ដំណើរ​ការ​ល្អ​ប្រសើរ ប្រសិន​បើ​អ្នក​បើកបរ​ចេះ​ថែទាំ​រថយន្ត​បាន​ត្រឹម​ត្រូវ។ ខាងក្រោមនេះគឺជាចំណុច​ដែល​ម្ចាស់​រថយន្ត​ត្រូវ​ត្រួត​ពិនិត្យ​ ក្រោយប្រើរថយន្ត​បាន​ចម្ងាយ​ ៨ ម៉ឺន​គីឡូម៉ែត្រ​ ៖

ពិនិត្យ​ប្រព័ន្ធ​​បញ្ចេញ​ផ្សែង

​ប្រព័ន្ធ​បញ្ចេញ​ផ្សែង​លើ​រថយន្ត​​សម័យ​បច្ចុប្បន្ន​នេះ​អាច​ប្រើ​ប្រាស់​បាន​រហូត​ដល់​ចម្ងាយ​ ១៦​ ម៉ឺន​គីឡូម៉ែត្រ​ឯណោះ ឬ អាច​ប្រើ​បាន​ដល់​ ១០ ឆ្នាំ។ ​យ៉ាងណាក្ដី​ពេល​ដែល​រថយន្ត​ជិះ​បាន​ចម្ងាយ​ ៨ ម៉ឺន​គីឡូម៉ែត្រ​ហើយ​នោះ អ្នក​គួរ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​បញ្ចេញ​ផ្សែង​ដើម្បី​ឲ្យ​ប្រាកដ​ថា​វា​នៅ​មាន​ដំណើរ​ការ​ល្អ​ប្រសើរ​នៅ​ឡើយ។

ពាណិជ្ជកម្ម

ត្រួត​ពិនិត្យ​បូម

មាន​ករណី​ផ្សេងៗ​គ្នា​ដែល​ធ្វើ​ឲ្យ​​បូម​រថយន្ត​​រង​ការ​ខូច​ខាត។ បូម​ផ្នែក​ខាង​មុខ​ជា​ផ្នែក​ដែល​ឆាប់​ខូច​ខាត​បំផុត​ ហើយ​ពេល​បើក​បាន​ចម្ងាយ​ ៨ គីឡូម៉ែត្រ​ គួរ​តែ​ពិនិត្យ​មើល​បូម​ខាង​មុខ​ថា​មាន​ខូច​ខាត​កន្លែង​ណា​ខ្លះ។

​ពិនិត្យ​គម្រប​បិទ​​ធុង​សាំង

ផ្នែក​ប្រព័ន្ធ​ប្រេង​ឥន្ធនៈ​ដែល​អ្នក​គួរ​ត្រួត​ពិនិត្យ​ពេល​រថយន្ត​បើក​បាន​ចម្ងាយ​ ៨ ម៉ឺន​គីឡូម៉ែត្រ​គឺ​មាន​ពីរ​ចំណុច​ ទី​មួយ​ត្រូវ​ប្ដូរ​តម្រង​ប្រេង​សាំង និង ទីពីរ​ត្រូវ​ពិនិត្យ​គម្រប​បិទ​ធុង​សាំង។

គម្រប​បិទ​ធុង​សាំង​ភាគ​ច្រើន​តែង​មាន​ជ័រ​កៅស៊ូ​រាង​មូល​នៅ​ជុំវិញ​។ ប្រសិន​បើ​​ជ័រ​​នេះ​​ខូច​ខាត​ ប្រេះ របក​ ឬ ដាច់ ​នោះ​គម្រប​​សាំង​មិន​អាច​បិទ​ធុង​សាំង​ឲ្យ​ជិត​នោះ​ទេ ជា​លទ្ធផល​អាច​ធ្វើ​ឲ្យ​សាំង​ហៀរ​ចេញ​មក​ក្រៅ​ពេល​បើកបរ ជា​ពិសេស​ចំហាយ​ប្រេង​នឹង​ភាយ​ចេញ​មក​ក្រៅ​ធ្វើ​ឲ្យ​ឆាប់ ហួត​បង្ក​ជា​ករណី​ចុះ​ប្រេង​ច្រើន។

ប្ដូរ​ប្រេង​ប្រអប់​លេខ​ និង​តម្រង​ប្រេង

រថយន្ត​ស៊េរី​ថ្មី​ភាគ​ច្រើន​​ប្រើ​ប្រអប់​លេខ​ដែល​បិទ​ជិត​ ហើយ​រោងចក្រ​បាន​ណែនាំ​ថា​មិន​បាច់​ប្ដូរ​ប្រេង​ប្រអប់​លេខ​ ឬ តម្រង​ប្រេង​នោះ​ទេ។ ប៉ុន្តែ​ចំពោះ​រថយន្ត​​ដែល​ផលិត​មុន​ឆ្នាំ ២០១៤ មាន​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ថា​​គួរ​តែ​ប្ដូរ​ប្រេង​ប្រអប់​លេខ​ និង​តម្រង​ប្រេង​ក្នុង​ប្រអប់​លេខ​ម្ដង នៅ​ពេល​ជិះ​បាន​ចម្ងាយ​ ៨ ម៉ឺន​គីឡូម៉ែត្រ។

ប្ដូរ​តម្រង​ប្រេង​សាំង

​តម្រង​ប្រេង​សាំង​មាន​តួនាទី​ច្រោះ​នូវ​​​ភាគ​ល្អិត​ៗ ដូច​ជា​កម្ទេចកំទី​​ដែល​មាន​នៅ​ក្នុង​ប្រេង​សាំង​ មិន​ឲ្យ​ចូល​ដល់​​កន្លែង​បង្ហូរ​ប្រេង​ ដែល​អាច​ធ្វើ​ឲ្យ​ស្ទះ​លំហូរ​ប្រេង និង​ប៉ះពាល់​ដល់​បូម​សាំង​ផង​ដែរ។ ដូច​នេះ​គួរ​ធ្វើ​ការ​ប្ដូរ​វា​ចេញ​ម្ដង​ ប្រសិន​បើ​រថយន្ត​ជិះ​បាន​ចម្ងាយ​ ៨ ម៉ឺន​គីឡូម៉ែត្រ​ហើយ​នោះ៕

Sponsored