[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Baojun បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Baojun KiWi EV ស៊េរីឆ្នាំ ២០២៣ ថ្មី ដែលមាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយនឹងតម្លៃលក់ចាប់ពី ១២ ៥២៦ ដុល្លារ ដល់ ១៥ ៦៦៦ ដុល្លារនៅក្នុងទីផ្សាប្រទេសចិន។
រថយន្ត Baojun KiWi EV គឺជារថយន្តអគ្គិសនីខ្នាតតូច ឬ Mini EV ដែលជាផ្នែកដ៏ពេញនិយមនៅក្នុងប្រទេសចិន ដែលតួខ្លួនមានប្រវែង ២ ៨៩៤ ម.ម ទទឹង ១ ៦៥៥ ម.ម កម្ពស់ ១ ៥៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ០២០ ម.ម។
ទាក់ទងនឹងគ្រឿងបរិក្ខាស្ដង់ដាររបស់ Baojun KiWi EV គឺពេញលេញដូចម៉ូដែលខ្នាតធំ ដោយមានចង្កៀង LED, អំពូលបំភ្លឹពេលថ្ងៃ LED , ដៃទ្វារផ្នែកខាងក្រៅបញ្ជាដោយថាមពលអេឡិចត្រូនិច, ថាសកង់ស្ព័រពីរពណ៌ជាមួយនឹងការរចនាជាស្លឹក clover leaf ជាដើម។
រីឯនៅខាងក្នុងកាប៊ីនវិញ បំពាក់កៅអីស្បែកស្រោបជាមួយ microfiber ដែលស្រដៀងទៅនឹងស្បែកស។ វាមានអេក្រង់ព័ត៌មានទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញ, មុខងារ update OTA ផងដែរ។ ហើយក៏អាចភ្ជាប់ទៅស្មាតហ្វូនតាមរយៈកម្មវិធីដើម្បីបើកប្រព័ន្ធម៉ាស៊ីនត្រជាក់ និងដោះសោទ្វារ ។
លើសពីនេះ ម៉ូដែលកំពូលនៃរថយន្តនេះត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរពីក្រុមហ៊ុនផលិត Drone ដ៏ល្បីល្បាញ DJI បំពាក់ដោយកាមេរ៉ាខាងមុខកញ្ចក់ចំនួន ២, កាមេរ៉ាជុំវិញកម្រិតខ្ពស់ចំនួន ៤ , រ៉ាដាចំនួន ១ និងសេនស័រ ultrasonic sensor ចំនួន ១២ ដែលអាចចាប់បាននៅឧបសគ្គគ្រោះថ្នាក់ផ្សេងជាច្រើន។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីដែលមានកម្លាំង ៥៤ សេះ ដែលអាចបង្កើនល្បឿនអតិបរមា ១០៥ គីឡូម៉ែត្រ/ម៉ោង និងប្រភេទកម្លាំង ៦៨ សេះ ដែលមានល្បឿនអតិបរមា ១១៥ គីឡូម៉ែត្រ/ម៉ោង និងភ្ជាប់មកជាមួយអាគុយលីចូមទំហំ ៣១,៧ អាចបើកបរបានចម្ងាយ ៣០៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕