[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Jeep បានបោះជំហានជាមួយផែនការរថយន្តអគ្គិសនីរបស់ខ្លួន ដោយបានប្រកាសអំពីរថយន្តអគ្គិសនីថ្មីចំនួនបួនម៉ូដែល ដែលរថយន្តដំបូងគេគឺជារថយន្តអគ្គិសនីខ្នាតតូចម៉ូដែល Avenger SUV ដែលនឹងដាក់លក់នៅអឺរ៉ុបនៅឆ្នាំក្រោយ។
រថយន្ត Avenger SUV គឺជារថយន្តអគ្គិសនី Off-Road ដំបូងគេក្នុងចំណោមរថយន្តដែលប្រើប្រាស់គ្រោងឆ្អឹងថ្មីរបស់ក្រុមហ៊ុន Stellantis ឈ្មោះថា STLA ហើយរថយន្តនេះនឹងបង្ហាញរូបរាងពេញលេញនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្តក្រុងប៉ារីសនៅខែតុលាខាងមុខ។
គួរដឹងថា Jeep បានប្ដេជ្ញាធ្វើយ៉ាងណាឲ្យ ៥០% នៃរថយន្តដែលលក់នៅសហរដ្ឋអាមេរិក គឺជារថយន្តអគ្គិសនី ដោយចង់សម្រេចឲ្យបាននៅឆ្នាំ២០៣០ ប៉ុន្តែសម្រាប់ទីផ្សារអឺរ៉ុប ក្រុមហ៊ុនបានដាក់គោលដៅសម្រេចឲ្យបាន ១០០% ជាមួយរថយន្តម៉ូដែល Avenger ជាតួឯក។
រថយន្ត Avenger នេះនឹងត្រូវផលិតនៅឯរោងចក្រ Tychy ក្នុងប្រទេសប៉ូឡូញ ជាមួយរថយន្ត SUV ថ្មីរបស់ម៉ាក Alfa Romeo និងម៉ាក Fiat ហើយរថយន្តនេះនឹងដាក់បញ្ចូលក្នុងសែស្រឡាយរថយន្ត Jeep នៅអឺរ៉ុប នៅពីក្រោមរថយន្ត Renegade។
ការចុះផ្សាយរបស់ Autocar បានឲ្យដឹងថា Avenger នឹងមានជម្រើសប្រព័ន្ធបើកបរប៉ុងមួយ ឬប៉ុងពីរ អាស្រ័យតាមការជ្រើសរើសរបស់អតិថិជន ថាជ្រើសយកប្រភេទប្រើម៉ូទ័រអគ្គិសនីមួយ ឬប្រភេទប្រើម៉ូទ័រពីរ ហើយរថយន្តនេះក៏នឹងមានជាប្រភេទ Hybrid ផងដែរ។
Jeep មិនបានបង្ហាញអំពីតម្លៃរបស់ Avenger នៅឡើយទេ ប៉ុន្តែអតិថិជននៅអឺរ៉ុប នឹងអាចកុម្ម៉ង់រថយន្តនេះបានចាប់ពីថ្ងៃទី១៧ ខែតុលា ពេលដែលរថយន្តនេះបង្ហាញវត្តមាននៅទីក្រុងប៉ារីស៕