ក្តៅៗ! SUV ប្រណិតខ្នាតធំ Lexus LX សេរ៊ីឆ្នាំ២០២២ ចេញជាផ្លូវការ

ប្រិយមិត្តអ្នកស្នេហារថយន្ត Lexus ជាច្រើនបាននឹងកំពុងរង់ចាំនៃការបង្ហាញវត្តមានជាផ្លូវនៃរថយន្ត SUV ដ៏ប្រណិត និងសម្ថភាពខ្លាំងក្លានេះ នាពេលនេះផងដែរ ក្រុមហ៊ុន Lexus បានធ្វើការប្រកាសបង្ហាញចេញនូវរថយន្ត SUV នេះជាផ្លូវការ ជាមួយការវិវត្តន៍ថ្មីកាន់តែទំនើប និងខ្លាំងក្លា។

ចាប់ផ្តើមនៅផ្នែកខាងក្រៅ លក្ខណៈឌីស្សាញបានវិវឌ្ឍន៍ជាមួយប៉ាណាស្ពាន់ផ្នែកខាងមុខរចនាជារបាបន្ទះចំនួន៧ ដោយនៅចន្លោះនៃរបាបន្ទះទាំងនោះនឹងជួយអោយខ្យល់ចូលក្នុងម៉ាស៊ីនរថយន្តអោយមានភាពត្រជាក់។ បន្ថែមជាមួយចង្កៀងមុខ LED រូបរាងស្លីមជាងមុន ព្រមទាំង Air Intake ធំជាងមុន និងបំពាក់ជម្រើសថាសកង់រហូតដល់ ២២អ៊ីញផងដែរ។ រីឯផ្នែកខាងក្រោមបានទទួលការផ្លាស់ប្តូរថ្មីទាំងស្រុងជាមួយអំពូល LEDក្រោយអូសជាខ្សែបន្ទាត់ពីជំហៀងផ្នែកខាងឆ្វេង រហូតមកដល់ផ្នែកខាងស្តាំ បន្ថែមជាមួយការជំនួនថ្មីនូវអក្សរឡូហ្គូ LEXUS  នៅលើទ្វាក្រោយដូចគ្នានឹងរថយន្ត NX ឆ្នាំ២០២២ ផងដែរ។

ពាណិជ្ជកម្ម

បន្តចូលទៅផ្នែកខាងមុខនៃរថយន្ត SUV នេះទទួលបានការឌីស្សាញកាន់តែទំនើប តួរយ៉ាងបានបំពាក់ជាមួយកៅអីស្បែកប្រណិត ព្រមទាំងបានប្រើប្រាស់ជាមួយឈើលើផ្នែកមួយចំនួន រួមបន្ថែមជាមួយប្រព័ន្ធតន្ត្រីដ៏ទំនើបម៉ាក Mark Levinson ចំនួន ២៥ចំណុច។ លើសពីនេះរថយន្តនេះក៏បានជាមួយការបំពាក់អេក្រង់ចំនួន២ ដោយអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ភ្ជាប់ដោយមុខងារ Navigation, Audio Control, កាំមេរ៉ា, ប្រព័ន្ធ Multi-Terrain Monitor បង្ហាញពីឧបសគ្គភ្លាមៗ ខណៈដែលអេក្រង់ទំហំ ៧អ៊ីញ ផ្តោតសំខាន់ទៅលើប្រព័ន្ធ Climate Control និងប្រព័ន្ធ Multi-Terrain Select ក្នុងការជ្រើសរើសជម្រើសការបើកបរល្អបំផុត។

កាន់តែពិសេសជាមួយកៅអីផ្នែកខាងក្រោយនៃរថយន្ត បានពង្រីកខ្លួនជាមួយកន្លែងសម្រាកជើងទូលាយជាងមុន ១ ០៩២មីលីម៉ែត្រ និងខណ្ឌដោយ Console ដែលភ្ជាប់មកជាមួយរន្ធ USB, រន្ធសាកថ្ម DC និងឥតខ្សែ, កន្លែងដាក់កែវ និងឥវ៉ាន់ ព្រមទាំងអេក្រង់ Touchscreen ថ្មីដែលអាចបញ្ជាទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់ ភ្លើងអំពូលបំភ្លឺ សម្រាប់ការអានផងដែរ។

រីឯប្រព័ន្ធជើងក្រោមនៃរថយន្ត វាបានបំពាក់ជាមួយ Double Wishbone Suspension និងបូមរ៉ឺស័រផ្នែកខាងមុខក្នងជួយរក្សាលំនឹងដៃចង្កូត និង Four-Link rear Suspension ក្នុងការជួយអោយការបើកបរមានផាសុខភាព និងស្ថេរភាព ។ Shock Absorber បានផ្លាស់ប្តូរថ្មីក្នុងការអាចអោយវាដើរតាមចលនានៃការបញ្ឈប់នៃកង់ និងកាត់បន្ថយនៃការរលាក់ និង Adaptive Variable Suspension ក្នុងការគ្រប់គ្រងប្រព័ន្ធបូម។ បន្ថែមពីនេះវាក៏បានបំពាក់ជាមួយចង្កូតប្រភេទអេឡិចត្រូនិច, ប្រព័ន្ធសុវត្តិភាព Lexus Safety System +2.5 ស្តង់ដារ និងប្រព័ន្ធជំនួយការបើកបរជាច្រើនបន្ថែមទៀត ដូចជា Crawl Control, Downhill Assist Control និង Active Height Control។

ខណៈពេលដែល Lexus មិនបានបង្ហាញពីលក្ខណៈជាក់លាក់ក្រុមហ៊ុនបានបញ្ជាក់ថារថយន្ត LX 600 ឆ្នាំ ២០២២ នឹងត្រូវបានផ្តល់ជូនជាមួយជម្រើសម៉ូឌែល Standard, Premium, Luxury, Ultra Luxury, F Sport និងពីម៉ូឌែលថ្មីដែលបង្ហាញខ្លួននាពេលឆាប់ៗ។

សម្រាប់ម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 នៅលើម៉ូឌែលកន្លង ត្រូវបានក្រុមហ៊ុន Lexus ផ្លាស់ប្តូរមកប្រើម៉ាស៊ីនថ្មីចំណុះ ៣,៥លីត្រ Turbo V6 ជាមួយបងប្អូនខ្លួន Toyota Land Cruiser ដែលវាអាចផលិតកម្លាំងបាន ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខថ្មី ១០វគ្គអូតូ។

LX សេរ៊ីឆ្នាំ២០២២ មានទំងន់តិចជាងជំនាន់មុនចំនួន ២០០ គីឡូក្រាម ដោយសារទ្វារអាលុយមីញ៉ូម និងគ្រោងតួខ្លួនថ្មី។ Lexus មិនបាននិយាយអ្វីច្រើនអំពីរថយន្តស៊េរីក្រោយនេះទេ ប៉ុន្តែបានកត់សម្គាល់ថារថយន្តនេះមានភាពរឹងមាំជាងមុន ២០%។ រថយន្ត Lexus LX ឆ្នាំ ២០២២ នឹងបង្ហាញវត្តមាននៅលើទីផ្សារសហរដ្ឋអាមេរិចនៅត្រីមាសទីមួយឆ្នាំក្រោយនេះ៕

Sponsored