
ក្រុមហ៊ុន Guangzhou Industrial Investment Holding Group (GIIHG) បានប្រកាសសម្រេចចិត្តយកប្រទេសកម្ពុជា ជាកន្លែងពង្រីកច្រវាក់ផលិតកម្មនៅតំបន់អាស៊ាន ដើម្បីផលិតសំបកកង់រថយន្ត ការផ្គត់ផ្គង់ និងផ្តល់សេវាផ្សេងៗទៀត ទៅកាន់ពិភពលោក។
លោក JING QUANGJUN ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន GIIHG បាននិយាយថា រោងចក្រនៅកម្ពុជា គឺជាតំណភ្ជាប់ដ៏សំខាន់មួយក្នុងការកសាងបណ្តាញដ៏រឹងមាំ និងការអនុវត្តថ្មីមួយ សម្រាប់ការបង្កើនសមត្ថភាពប្រកួតប្រជែងជាសកលរបស់ក្រុមហ៊ុន។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីសម្ពោធរោងចក្រផលិតសំបកកង់របស់ក្រុមហ៊ុន Wanli Tire ដែលជាបុត្រសម្ព័ន្ធមួយរបស់ GIIHG ជាមួយទុនវិនិយោគជិត ៣០០លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។

លោកបញ្ជាក់ដូច្នេះថា៖ «នាពេលអនាគត យើងនឹងយករោងចក្រនេះជាចំណុចស្នូលដើម្បីពន្លឿនយុទ្ធសាស្រ្តឈរជើងនៅអាស៊ានពង្រីកឥទ្ធិពលទៅកាន់ទីផ្សារពិភពលោក និងលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតកម្ម ការលក់ សេវាកម្ម ការបម្រើទីផ្សារឲ្យកាន់តែល្អប្រសើរនៅក្នុងប្រទេស និងតំបន់ជាង ១៦០ នៅទូទាំងពិភពលោក»។
គួរដឹងថា ក្រុមហ៊ុន Wanli Tire បានសម្រេចចិត្តយកកម្ពុជា ជាទីតាំងក្រៅប្រទេសលើកដំបូងរបស់ក្រុមហ៊ុន ដែលបង្កើតរោងចក្រពង្រីកច្រវាក់ផលិតកម្ម។ រោងចក្រនេះ ប្រើបច្ចេកវិទ្យាខ្ពស់ ដែលសុទ្ធសឹងជាប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ក្នុងដំណាក់កាលដំបូង រោងចក្រនេះអាចផលិតសំបកកង់បាន ៦លានសំបកក្នុង១ឆ្នាំ ហើយអាចឈានដល់ប្រហែល ១២លានសំបកក្នុង១ឆ្នាំ នៅត្រឹមចុងឆ្នាំ២០២៦នេះ។

ការដំណើរការនៃរោងចក្រនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា រួមមាន៖
១. ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋរាប់ពាន់កន្លែង ព្រមទាំងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទំនើបដល់កម្មករ និយោជិតខ្មែរ
២. ការជំរុញវិស័យកសិកម្ម (កៅស៊ូ) ដែលរោងចក្រនេះនឹងក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ស្រូបយកវត្ថុធាតុដើមកៅស៊ូធម្មជាតិក្នុងស្រុក ដែលជួយលើកកម្ពស់ជីវភាពកសិករកៅស៊ូកម្ពុជា
៣. ការធ្វើពិពិធកម្មឧស្សាហកម្ម តាមរយៈការប្រែក្លាយកម្ពុជាពីការផលិតសម្លៀកបំពាក់ និងស្បែកជើង ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបន្លាស់រថយន្ត និងឧស្សាហកម្មធុនធ្ងន់
៤. កំណើនការនាំចេញ និងការបង្កើនទំហំពាណិជ្ជកម្មក្រៅប្រទេស។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥ កម្ពុជាបានសម្រេចការនាំចេញសំបកកង់រថយន្ត ក្នុងទំហំទឹកប្រាក់ ១២១៩លានដុល្លារ កើនឡើង ៥៧,៨៨% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕

















