ក្រុមហ៊ុនបារាំងបង្ហាញរថយន្តភីកអាប់ដំបូងរបស់ខ្លួន

ក្រុមហ៊ុន​រថយន្ត​ Peugeot បាន​ឲ្យ​តម្រុយ​អំពី​ការ​ឈាន​ជើង​ចូល​ទីផ្សារ​រថយន្ត​ភីកអាប់​រយៈ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ដែល​ពេល​នេះ​ក្រុមហ៊ុន​សម្រេច​ចិត្ត​បង្ហាញ​រថយន្ត​ភីកអាប់​របស់​ខ្លួន​ជា​ផ្លូវ​ការ។

វា​ជា​ម៉ូដែល Landtrek ដែល​នឹង​ចេញ​លក់​មុន​គេ​នៅ​អាមេរិក​ឡាទីន និង​អាហ្វ្រិក​ មុន​នឹង​ចេញ​លក់​លើ​ទីផ្សារ​ផ្សេង​ទៀត។ រថយន្ត​នេះ​មាន​ជា​ប្រភេទ​មួយ​បាំង​ និង​ពីរ​បាំង​ ដែល​អាច​អូស​សណ្ដោង​ដល់ ១ តោន និង​ ១,២ តោន​សម្រាប់​ប្រភេទ​ខ្លះ។

ពាណិជ្ជកម្ម

រថយន្ត​នេះ​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​​ម៉ាស៊ូត ១,៩ លីត្រ ឬ​ម៉ាស៊ីន​សាំង​ ២,៤ លីត្រ ប្រភេទ Turbocharged។ ម៉ាស៊ីន​ម៉ាស៊ូត​អាច​បង្កើត​កម្លាំង​បាន ១៤៨ សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​ដៃ ៦ វគ្គ ដែល​មាន​កម្រិត​ស៊ី​ប្រេង ៧,៨ លីត្រ/១០០ គ.ម។

ចំណែក​ម៉ាស៊ីន​សាំង​បង្កើត​កម្លាំង​បាន ២០៧ សេះ អាច​ភ្ជាប់​នឹង​ប្រអប់​លេខ​ដៃ ៦ វគ្គ ឬ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៦ វគ្គ។ ចំពោះ​កម្រិត​ស៊ី​ប្រេង​​មិន​ទាន់​បាន​បង្ហាញ​នោះ​ទេ។ វា​​ទាំង​ពីរ​មាន​ជម្រើស​ប្រព័ន្ធ​បើកបរ​ប៉ុង​មួយ​ និង​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ​ផង​ដែរ៕​

Sponsored