នាយកប្រតិបត្តិក្រុមហ៊ុន Daimler លោក Ola Kallenius បានសន្និដ្ឋានថាឧស្សាហកម្មយានយន្តអាចនឹងបន្តជួបវិបត្តិខ្វះខាតឈីបសឺមីកុងឌុចទ័ររហូតដល់ឆ្នាំ២០២៣ឯណោះ។
លោកបានលើកឡើងដូចនៅក្នុងអំឡុងកម្មវិធីតាំងបង្ហាញរថយន្ត Munich Motor Show ថា ៖ “ក្រុមហ៊ុនផ្គត់ផ្គង់ឈីបមួយចំនួនបានជួបប្រទះបញ្ហាការផលិតដោយសារតែតម្រូវការខ្ពស់។ បញ្ហានេះអាចនឹងជះឥទ្ធិលរហូតដល់ឆ្នាំ២០២២ ហើយអាចនឹងធូរស្រាលទៅវិញនៅឆ្នាំ២០២៣។”
ក្រុមហ៊ុន Daimler កាលពីថ្មីៗកន្លងទៅនេះបានបង្ហាញក្ដីរំពឹងថាចំនួនលក់ប្រចាំត្រីមាសទី៣សម្រាប់ម៉ាក Mercedes-Benz អាចនឹងធ្លាក់ចុះដោយសារវិបត្តិឈីបសកល។ យ៉ាងណាក្ដីនាយកប្រតិបត្តិក្រុមហ៊ុនបាននិយាយថាពួកគេសង្ឃឹមថាដៃគូផ្គត់ផ្គង់ឈីបផ្ទាល់របស់ពួកគេ អាចនឹងជួយឲ្យត្រីមាសទីបួនមានភាពល្អប្រសើរឡើង៕