[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសម៉ាឡេស៊ីមានឈ្មោះថា Proton បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Proton eMas 7 ជាលើកដំបូង ជាមួយតម្លៃលក់ចាប់ពី ២៤ ៧០០ ដុល្លារ ដល់ ២៧ ៨០០ ដុល្លារ នៅទីផ្សារក្នុងស្រុក ។
Proton eMas 7 ម៉ូដែលទាំងនេះ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៩,៥២ គីឡូវ៉ាត់ម៉ោង និង ៦០,២២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៤៥ គីឡូម៉ែត្រ ដល់ ៤១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយប្រើរយៈពេល ២០នាទី សាកបានដល់ ២០-៨០% ពីស្ថានីយសាកថ្មល្បឿនលឿន ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៦១៥ ម.ម ទទឹង ១ ៩០១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅស្រដៀងម៉ូដែល Geely Galaxy E5 មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic sunroof រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដែលរួមបញ្ចូលនៅមុខងារជាច្រើនផងដែរ ៕