ប្រាក់ចំណូលរបស់ក្រុមហ៊ុនរថយន្ត General Motors ប្រចាំត្រីមាសទីបីនៃឆ្នាំ ២០២០ នៅលើទីផ្សារអាមេរិកខាងជើង មានលទ្ធផលល្អលើសពីការរំពឹងទុករបស់ Wall Street។
អំឡុងត្រីមាសទីបី ប្រតិបត្តិការនៅអាមេរិកខាងជើងរបស់ក្រុមហ៊ុន GM អាចរកប្រាក់ចំណូលបាន ៤,៣៧ពាន់លានដុល្លារ ដែលមានការកើនឡើងរហូតដល់ ៤៤% បើធៀបនឹងពេលដួចគ្នាកាលពីឆ្នាំ ២០១៩។
ដោយឡែកប្រាក់ចំណូលសរុបដែលក្រុមហ៊ុនអាចរកបានពីទីផ្សារជុំវិញពិភពលោកគឺមានចំនួន ៣៥,៤៨ពាន់លានដុល្លារ។ ក្នុងនោះប្រាក់ចំណេញគឺមានចំនួន ៤,០៥ពាន់លានដុល្លារ ដែលមានការកើនឡើង ៧៤% បើធៀបនឹងប្រាក់ចំណេញកាលពីត្រីមាសបីនៃឆ្នាំ ២០១៩ ដែលមានចំនួន ២,៣៥ពាន់លានដុល្លារ។
ក្រុមហ៊ុន General Motors ដែលមានកាន់កាប់ម៉ាករថយន្តធំៗដូចជា Chevrolet, Buick, GMC និង Cadillac បាននិយាយថាការលក់នៅសហរដ្ឋអាមេរិក និងប្រទេសចិនចាប់ផ្ដើមមានភាពល្អប្រសើរឡើងលឿនជាងការរំពឹងទុក ហើយតម្រូវការលើរថយន្តភីកអាប់ខ្នាតធំ និងរថយន្ត SUV ជាកត្តាជួយឲ្យក្រុមហ៊ុនរីកចម្រើនក្នុងអំឡុងវិបត្តិកូវីដ១៩៕