ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានបើកការិយាល័យរបស់ខ្លួនជាផ្លូវការ នៅអាមេរិកខាងជើង ជាមួយនឹងតំបន់អឺរ៉ុប មុនពេលចាប់ផ្តើមការលក់រថយន្តនៅលើទីផ្សារទាំងពីរ។
VinFast គឺក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងគេរបស់ប្រទេសវៀតណាម ដែលបានបង្ហាញខ្លួនបានច្រើនឆ្នាំដែរហើយ ខណៈក្រុមហ៊ុននេះក៏មានចេតនាក្នុងការពង្រីកខ្លួន ហួសពីប្រទេសកំណើតផងដែរ។ បើទោះបីជាអ្វីៗមិនដំណើរការដូចការគ្រោងទុកនៅក្នុងឧស្សាហកម្មនេះ ក្រុមហ៊ុន VinFast នៅតែរឹងមាំដដែល។
ក្រុមហ៊ុនខាងលើបានប្រាប់ឲ្យដឹងថា “VinFast បានបង្កើតការិយាល័យតំណាងនៅក្នុងទីផ្សារអន្តរជាតិចំនួន ៥ ហើយនឹងបើកបន្ទប់តាំងបង្ហាញនៅរដ្ឋ California នាពេលឆាប់ៗនេះ”។ មិនតែប៉ុណ្ណោះ នាយកប្រតិបត្តិក្រុមហ៊ុន VinFast US លោក Van Anh បានផ្លាស់ទីលំនៅទៅទីក្រុង Los Angeles រួចទៅហើយ។
ឥឡូវនេះ ផែនការរបស់ក្រុមហ៊ុន VinFast កំពុងឈានដល់ដំណាក់កាលជឿនលឿនសម្រាប់បណ្តាញលក់តែតាមអ៊ិនធឺណិត។ កង្វះនៃក្រុមហ៊ុនចែកចាយផ្លូវការ នឹងជួយកាត់បន្ថយថ្លៃដើម សម្រាប់ទាំងក្រុមហ៊ុន និងអតិថិជន។ ទោះយ៉ាងណាគេរំពឹងថានឹងមានមជ្ឈមណ្ឌលសេវាកម្មផងដែរ។
គួរឲ្យដឹងដែរថា ផែនការបច្ចុប្បន្នរបស់ VinFast គឺលក់តែរថយន្តអគ្គិសនីនៅលើផ្សារទាំងពីរ ដោយក្នុងនោះមានម៉ូដែល VF e35 និង VF e36 ដែលត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅខែមីនាឆ្នាំក្រោយ៕