
ក្រុមហ៊ុនផលិតរថយន្តចិន BYD បានបញ្ចេញបច្ចេកវិទ្យាពិសេសថ្មីមួយដែល ដែលភាគច្រើនធ្លាប់តែឃើញក្នុងភាពយន្ដបែបវិទ្យាសាស្ត្រ។ បច្ចេកវិទ្យានេះមានឈ្មោះថាប្រព័ន្ធ Ling Yuan វាត្រូវបានរួមបញ្ចូលជាមួយឃ្លុបសម្រាប់ទុកដ្រូននិងដ្រូនមួយគ្រឿងដែលបំពាក់លើដំបូលរថយន្ត។
បច្ចេកវិទ្យានេះនឹងត្រូវដាក់លក់ជាមយយតម្លៃ ១៦ ០០០យ៉ន់ ស្មើនិង ២ ២០០ដុល្លារ ជាមួយតម្លៃនេះអ្នកនឹងទទួលបានដ្រូនកម្រិត 4K មួយគ្រឿង មានសមត្ថភាពក្នុងការថតយកវីដេអូពីលើអាកាសដ៏អស្ចារ្យអំឡុងពេលធ្វើដំណើរប្រចាំថ្ងៃរបស់អ្នក និងឃ្លុបសម្រាប់ដាក់ដ្រូនដ៏ទំនើបមួយ។
បច្ចេកវិទ្យានេះត្រូវបានដាក់បង្ហាញលើកដំបូងនៅលើរថយន្ត SUV ម៉ូដែល Yangwang U8 ក្នុងឆ្នាំ ២០២៣ ប៉ុន្តែរថយន្ត SUV ម៉ូដែល Bao 8 នៃម៉ាក Fang Cheng Bao គឺជាម៉ូដែលដំបូងគេដែលបានបំពាក់មកជាក់ស្តែង។ ក្រុមហ៊ុន BYD មិនមែនមានគោលបំណងបង្កើតបច្ចេកវិទ្យានេះ សម្រាប់តែអ្នកនិយមបច្ចេកវិទ្យា ឬអ្នកដែលមានថវិកាច្រើននោះទេ ប៉ុន្តែពួកគេចង់ធ្វើឲ្យបច្ចេកវិទ្យាទំនើបនេះអាចចូលទៅដល់អ្នកនិយមប្រើប្រាស់ឡានរបស់ខ្លួន បានស្គាល់ពីវាឲ្យកាន់តែទូលំទូលាយ។ ដូច្នេះបច្ចេកវិទ្យានេះ ត្រូវរំពឹងថានឹងត្រូវបានដាក់បំពាក់លើរថយន្ដ BYD ជាច្រើនទៀតនៅពេលអនាគត។
ប្រព័ន្ធ Ling Yuan ត្រូវបានបង្កើតឡើង ដោយមានសហការជាមួយក្រុមហ៊ុនផលិតដ្រូនចិន DJI។ វារួមបញ្ចូលទាំងដ្រូនកម្រិត 4K និងចំណតដ្រូនទំហំ ០,២៩ ម៉ែត្រការ៉េ នៅលើដំបូលរថយន្ត និងមានកម្ពស់ ២១៥មម។
នៅពេលដែលអ្នកចុចប៊ូតុងបញ្ជា ឃ្លុបដាក់ដ្រូននឹងបើក ហើយអនុញ្ញាតឲ្យដ្រូនហោះឡើងទៅលើអាកាស។ ហើយអ្វីដែលកាន់តែពិសេសនោះគឺអ្នកបញ្ជាដ្រូនបាន ខណៈពេលដែលរថយន្តកំពុងធ្វើដំណើរ ក្នុងល្បឿនរហូតដល់ ២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ បន្ទាប់មក ដ្រូនអាចបើកតាមរថយន្តបានក្នុងល្បឿនរហូតដល់ ៥៤ គីឡូម៉ែត្រក្នុងមួយម៉ោង ដើម្បីថតយកវីដេអូដ៏ល្អឥតខ្ចោះ មិនថាអ្នកកំពុងបើកបរលើផ្លូវហាយវេ ឬក៏កំពុងបើកបរលើផ្លូវលំបាកនោះទេ។
នៅពេលការថតបានបញ្ចប់ ដ្រូនក៏ត្រឡប់មកវិញទៅកាន់ឃ្លុបដែលបំពាក់លើដំបូល ជាកន្លែងដែលវាសាកបញ្ចូលថ្មដោយស្វ័យប្រវត្តិ។ យោងតាមក្រុមហ៊ុនបានឲ្យដឹងថា ការសាកបញ្ចូលថ្មពី ២០% ទៅ ៨០% ចំណាយពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ ដូច្នេះអ្នកនៅក្នុងរថយន្តមិនចាំបាច់រង់ចាំយូរទេ។
ដ្រូននេះក៏អាចបញ្ជាបានដោយផ្ទាល់ពីអេក្រង់ព័ត៌មានកម្សាន្តរបស់រថយន្ត ឬក៏តាមរយៈកម្មវិធី Ling Yuan ដែលមាននៅលើស្មាតហ្វូន។ បន្ថែមពីនេះ កម្មវិធី AI ជួយរៀបចំ និងកែសម្រួលវីដេអូដែលបានថត ធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការចែករំលែកនៅលើបណ្តាញសង្គមដែលអ្នកចូលចិត្ត។
បន្ថែមពីលើរថយន្តម៉ូដែល Yangwang U8 និង Fang Cheng Bao Bao 8 រថយន្ដម៉ូដែលផ្សេងទៀត ក៏បានបង្ហាញរពីបច្ចេកវិទ្យាដ្រូន ដែលបំពាក់នៅលើដំបូលរបស់ពួកគេរួមមានរថយន្ដម៉ុដែល Fang Cheng Bao Bao 5, Titanium 3, Denza N9, BYD Tang L, និង BYD Sealion 07 DM-i។