
ក្រុមហ៊ុន Leapmotor បានដាក់បង្ហាញរថយន្ត MPV ម៉ូឌែល D99 ជារថយន្តប្រភេទ MPV (រថយន្តគ្រួសារខ្នាតធំ) ដំបូងបង្អស់របស់ពួកគេ ហើយគ្រោងនឹងដាក់លក់ជាផ្លូវការនៅខែមេសា ឆ្នាំ ២០២៦។
យោងតាមក្រុមហ៊ុនបានឲ្យដឹងថារថយន្ដ MPV D99 ជាម៉ូឌែលទីពីរនៅក្នុងស្រឡាយ D-series របស់ Leapmotor មានប្រវែងបណ្តោយជាង ៥.២ ម៉ែត្រ ទទឹងជិត ២ ម៉ែត្រ និងមានចម្ងាយពីកង់មុខទៅកង់ក្រោយ (Wheelbase) លើសពី ៣.១ ម៉ែត្រ។ រថយន្ត MPV ផ្ដល់មកជាមួយជម្រើសប្រើសាំងលាយអគ្គិសនី (EREV) និងប្រភេទរថយន្តអគ្គិសនីប្រើអាគុយសុទ្ធ (BEV) ដែលស្រដៀងទៅនឹងម៉ូឌែលផ្សេងទៀតរបស់ Leapmotor ដែរ។
ក្រុមហ៊ុន Leapmotor បានបញ្ជាក់ថា ម៉ូឌែល D99 ប្រភេទ EREV បំពាក់នូវកញ្ចប់អាគុយទំហំ 80.3-kWh ធ្វើឲ្យវាក្លាយជារថយន្ត MPV ប្រភេទ EREV ដែលអាចបើកបរដោយប្រើថាមពលអាគុយសុទ្ធបានចម្ងាយឆ្ងាយជាងគេបំផុតក្នុងពិភពលោក។

ចំពោះរថយន្តប្រភេទ BEV (អគ្គិសនីសុទ្ធ) ត្រូវបានផលិតផ្អែកលើស្ថាបត្យកម្ម ១០០០ វ៉ុល (1000-volt) និងបំពាក់ដោយកញ្ចប់អាគុយទំហំ ១១៥ គីឡូវ៉ាត់ម៉ោង របស់ក្រុមហ៊ុន CATL។ រថយន្ដ MPV D99 ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8797 ចំនួនពីរ ដើម្បីគាំទ្រប្រព័ន្ធបើកបរវៃឆ្លាតរបស់វា ផ្តល់នូវកម្លាំងគណនាខ្ពស់រហូតដល់ ១២៨០ TOPS និងគាំទ្រដល់បច្ចេកវិទ្យា AI ច្រើនភាសាប្រភេទ VLA (Visual-Language-Action)។
យោងតាមក្រុមហ៊ុន Leapmotor បានបញ្ជាក់ថារថយន្តប្រភេទ MPV មានតួខ្លួនរឹងមាំដោយបំពាក់មកជាមួយគ្រោងឆ្អឹងប្រភេទ (Body torsional stiffness) និងបានបំពាក់នូវប្រព័ន្ធរក្សាលំនឹងក្នុងករណីផ្ទុះកង់ពីរក្នុងពេលតែមួយ (Dual-wheel puncture stability system) ដើម្បីការពារសុវត្ថិភាពក្នុងពេលធ្វើដំណើរ៕



























