
យោងតតាមការបញ្ជាក់ក្រុមហ៊ុន Rivian Automotive ដែលជាក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីថ្មីថ្មោងរបស់សហរដ្ឋអាមេរិក បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុសម្រាប់ត្រីមាសទី ៤ និងពេញមួយឆ្នាំ ២០២៥ បានចេញផ្សាយពីកាលពីថ្ងៃទី ១២ ខែកុម្ភៈ។ ពួកគេសម្រេចបានប្រាក់ចំណេញដុលសរុបចំនួន ១៤៤ លានដុល្លារ សម្រាប់ឆ្នាំ២០២៥។
តួលេខនេះបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំង មានការកើនទឹកប្រាក់ចំនួន ១.៣ ប៊ីលានដុល្លារ បើធៀបនឹងការខាតបង់ដុលចំនួន ១.២ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក៏ដោយ ការខាតបង់សុទ្ធ ប្រចាំឆ្នាំនៅតែមានចំនួនច្រើនសន្ធឹកសន្ធាប់ គឺរហូតដល់ ៣.៦ ប៊ីលានដុល្លារ។ គួរបញ្ជាក់ផងដែរប្រាក់ចំណេញដុលគឺសំដៅលើប្រាក់ចំណេញដែលនៅសល់បន្ទាប់ពីដកថ្លៃដើមផលិតផល ប៉ុន្តែមិនទាន់ដកការចំណាយផ្សេងៗដូចជា ពន្ធ ការប្រាក់ ការចំណាយលើថ្លៃរដ្ឋបាលនិងនិងការសាងសង់រោងចក្រជាដើម។
ក្រុមហ៊ុន Rivian Automotive ត្រូវបានបង្កើតឡើងនៅក្នុងខែមិថុនា ឆ្នាំ ២០០៩ ដោយលោក Robert “RJ” Scaringe ក្នុងទីក្រុង Rockledge រដ្ឋ Florida ដំបូងឡើយក្រោមឈ្មោះថា Mainstream Motors។ ក្រុមហ៊ុនបានប្តូរឈ្មោះទៅជា Rivian Automotive នៅក្នុងឆ្នាំ ២០១១ ដោយបានផ្លាស់ប្តូរការផ្តោតអារម្មណ៍ពីរថយន្តស្ព័រ មកជារថយន្តអគ្គិសនីសម្រាប់ការផ្សងព្រេងវិញ ហើយទីបំផុតបានបង្កើតទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង Irvine រដ្ឋ California។ ក្រុមហ៊ុនអាមេរិកមួយនេះចាប់ផ្តើមផលិតរថយន្តអគ្គិសនីសម្រាប់លក់ជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ ២០២១។ រថយន្តដំបូងបង្អស់ដាក់លក់នៅលើទីផ្សារគឺរថយន្តភីកអាប់អគ្គិសនីម៉ូឌែល R1T បានចាកចេញពីខ្សែសង្វាក់ផលិតកម្មក្នុងខែកញ្ញា ឆ្នាំ ២០២១ នៅរោងចក្រក្នុងទីក្រុង Normal រដ្ឋ Illinois។
ក្រឡេកថយក្រោយកាលពីឆ្នាំ២០២៥ ក្រុមហ៊ុន Rivian បានលក់រថយន្តចំនួន ៤២,២៤៧ គ្រឿង និងផលិតបានចំនួន ៤២ ២៨៤ គ្រឿង នៅរោងចក្ររបស់ខ្លួនក្នុងទីក្រុង Normal រដ្ឋ Illinois។ ចំណូលសរុបពេញមួយឆ្នាំបានកើនឡើង ៨% បើធៀបនឹងឆ្នាំមុន ដែលស្មើនឹង ៥.៣៩ ប៊ីលានដុល្លារ កើនឡើងយ៉ាងគំហុកដល់ទៅ ២២២% នៃចំណូលពីផ្នែកកម្មវិធី (Software) និងសេវាកម្ម។ ជាមួយគ្នានេះការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Volkswagen Group បានរុញច្រានប្រាក់ចំណេញដុលពីផ្នែក Software និងសេវាកម្មឲ្យឡើងដល់ ៥៧៦ លានដុល្លារ ពោលគឺកើនឡើងយ៉ាងខ្លាំងពីចំនួន ៧ លានដុល្លារ កាលពីឆ្នាំ ២០២៤។
សម្រាប់ចំណូលនិងប្រាក់ចំណេញដុលសម្រាប់ត្រីមាសទី ៤ (Q4) ឆ្នាំ ២០២៥ សរុបមាន ១.២៩ ប៊ីលានដុល្លារ ដែលជាការធ្លាក់ចុះពីចំនួន ១.៧៣ ប៊ីលានយ៉ានដុល្លារ ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤។ ចំណូលពីផ្នែករថយន្តបានធ្លាក់ចុះ ៤៥% បើធៀបនឹងឆ្នាំមុន មកនៅត្រឹម ៨៣៩ លានដុល្លារ។ ក្រុមហ៊ុនបានបញ្ជាក់ថា ការធ្លាក់ចុះនេះបណ្តាលមកពីកត្តាបីយ៉ាង៖
- ការថយចុះចំនួន ២៧០ លានដុល្លារ ពីការលក់ឥណទានកាបូន (Regulatory credit sales)។
- ការចែកចាយរថយន្តមានកម្រិតទាប ដោយសារការអស់សុពលភាពនៃឥណទានពន្ធ។
- តម្លៃលក់ជាមធ្យមមានកម្រិតទាប ដោយសារការកើនឡើងនៃសមាមាត្រនៃការចែកចាយរថយន្តដឹកទំនិញអគ្គិសនី។
ចំណូលពីផ្នែក Software និងសេវាកម្ម បានជួយទប់ទល់នឹងការធ្លាក់ចុះនេះមួយផ្នែក ដោយវាបានឈានដល់ ៤៤៧ លានដុល្លារ ក្នុងត្រីមាសទី ៤ ដែលជាការកើនឡើង ១០៩% ធៀបនឹងឆ្នាំមុន។ កំណើនចំណូលក្នុងផ្នែកនេះ បានមកពីសេវាកម្មអភិវឌ្ឍន៍ប្រព័ន្ធបញ្ជាលើរថយន្ដអគ្គិសនី និង Software របស់រថយន្ត តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយ Volkswagen Group។ ការកើនឡើងនៃសេវាកម្មលក់រថយន្តជជុះ និងសេវាកម្មជួសជុល ក៏បានរួមចំណែកផងដែរ៕



















