យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors នឹងមិនលក់រោងចក្រនៅក្នុងប្រទេសឥណ្ឌា ទៅឲ្យក្រុមហ៊ុន Great Wall Motor ក្នុងតម្លៃ ៣០០ លានដុល្លារ ដូចការគ្រោងទុកដំបូងឡើយ។
គួររំលឹកឲ្យដឹងថា កាលពីខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុន General Motors បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតរថយន្តចិន Great Wall Motor ដើម្បីលក់រោងចក្ររបស់ខ្លួន។ ក្រុមហ៊ុនផលិតរថយន្តចិនគ្រោងនឹងចំណាយលុយ ៣០០ លានដុល្លារលើវា ដែលជាផ្នែកមួយនៃការវិនិយោគដ៏ទូលំទូលាយចំនួន ១ ពាន់លានដុល្លារ ដើម្បីបង្កើតវត្តមានដ៏សំខាន់នៅក្នុងប្រទេសឥណ្ឌា។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តទាំងពីរបានរង់ចាំរដ្ឋាភិបាលឥណ្ឌាអនុម័តកិច្ចព្រមព្រៀងនេះ ប៉ុន្តែនៅថ្ងៃទី ៣០ ខែមិថុនា ដែលជាថ្ងៃផុតកំណត់បានមកដល់ និងរំលងផុតទៅ មានន័យថា ឥឡូវនេះក្រុមហ៊ុន General Motors នឹងស្វែងរកជម្រើសផ្សេងទៀត។
គួរឲ្យដឹងថា ប្រទេសឥណ្ឌាបានពង្រឹងជំហររបស់ខ្លួនលើការវិនិយោគរបស់ចិន ចាប់តាំងពីមានការប៉ះទង្គិចគ្នាផ្នែកយោធារវាងប្រទេសទាំងពីរ ក្នុងខែមិថុនា ឆ្នាំ ២០២០ នៅក្នុងតំបន់ Ladakh មក។
នាយកប្រតិបត្តិផ្នែកទំនាក់ទំនងរបស់ GM International លោក George Svigos បាននិយាយថា៖
យើងមិនអាចទទួលបានការយល់ព្រមដែលត្រូវការ នៅក្នុងពេលវេលានៃកិច្ចព្រមព្រៀងនេះទេ។ ឥឡូវនេះយើងនឹងស្វែងរកជម្រើសបន្ថែមទៀតសម្រាប់ការលក់រោងចក្រនោះ៕