គិតត្រឹមពេលនេះ Toyota នៅចាញ់ប្រៀប General Motors ជិត ៨ម៉ឺនគ្រឿង

[ទីផ្សារបរទេស] នៅដើមខែតុលានេះ ក្រុមហ៊ុនរថយន្តជាច្រើនក្នុងសហរដ្ឋអាមេរិក​ចាប់ផ្ដើម​ប្រកាស​លទ្ធផល​លក់​សម្រាប់​រយៈពេល​បីត្រីមាសដំបូង និងសម្រាប់ត្រីមាសទីបីនៃ​ឆ្នាំ​២០២២នេះ។

ជាលទ្ធផលឃើញថា ក្រុមហ៊ុន General Motors អាចលក់រថយន្តបាន ៥៥៥ ៥៨០គ្រឿង នៅត្រីមាសទីបី កើនឡើង ២៤% ធៀប​នឹងត្រីមាសទីបីកាលពីឆ្នាំ២០២១។ ចំណែក Toyota លក់បាន ៥២៦ ០១៧គ្រឿង ថយចុះ ៧,១% ដែលនេះ​គឺជាត្រីមាស​ទីពីរ​ដែលឃើញថាក្រុមហ៊ុន General Motors អាចលក់បានច្រើនជាង Toyota។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សរុបរយៈពេលបីត្រីមាស General Motors អាចលក់រថយន្តបានជាង ១,៦៥លានគ្រឿង ដែលច្រើនជាងជិត ៨ម៉ឺនគ្រឿង បើ​ប្រៀប​ធៀបនឹងចំនួនលក់ ១,៥៧លានគ្រឿង របស់ Toyota។ លទ្ធផលនេះធ្វើឲ្យ General Motors អាចកាន់កាប់តំណែង​ជា​ក្រុមហ៊ុន​លក់​រថយន្តដាច់ជាងគេប្រចាំឆ្នាំ​ជា​បណ្ដោះ​អាសន្ន។

រំលឹកទៅឆ្នាំ២០២១ Toyota បានយកឈ្នះ General Motors ក្លាយជាក្រុមហ៊ុនលក់រថយន្តដាច់បានច្រើនជាងគេនៅ​សហរដ្ឋ​អាមេរិក​ ជា​លើក​ដំបូង​ក្នុងពេល៩០ឆ្នាំ ដែលក្រុមហ៊ុន General Motors បានបាត់បង់តំណែងលេខមួយ។

ក្រឡេកមើល Stellantis Group ដែលជាម្ចាស់ម៉ាក Ram, Dodge និង Chrysler ជាដើម​អាចលក់រថយន្ត​បាន​ជិត ៣៨,៦ម៉ឺន​គ្រឿង នៅត្រីមាសទីបី ថយចុះ ៦% ខណៈដែល Honda ថយចុះការលក់ជិត ៣៦% និង Ford លក់បាន​តិច​ជាង​មុន ៨,៩%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម