គូប្រជែង Tesla Model S តម្លៃធូរបំផុតចាប់ពី ៧៧ ៤០០​ដុល្លារ

តម្លៃ និង​លក្ខណៈ​សម្បត្តិ​នៃ​រថយន្ត​ Lucid Air ប្រភេទ Base Option ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ ដែល​រថយន្ត​នេះ​គ្រោង​ចេញ​លក់​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​នា​ឆ្នាំ ២០២២ ខាង​មុខ​នេះ។

រថយន្ត​ Lucid Air ប្រភេទ Base នឹង​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ​ ដែល​មាន​កម្លាំង ៤៨០​សេះ ប៉ុន្តែ​អតិថិជន​ក៏​អាច​ជ្រើស​រើស​យក​​​ Option ​ម៉ូទ័រ​អគ្គិសនី​ពីរ​ដែល​មាន​ភ្ជាប់​ជា​មួយ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន។ ប្រភេទ​ Base នេះ​មាន​ការ​ប៉ាន់​ស្មាន​ថា​អាច​បើកបរ​បាន​ចម្ងាយ ៦៥៣​គីឡូម៉ែត្រ ​ហើយ​នឹង​មាន​តម្លៃ​ចាប់​ពី ៧៧ ៤០០​ដុល្លារ ដែល​តម្លៃ​នេះ​ចុះ​នៅ​សល់ ៦៩ ៩០០​ដុល្លារ ប្រសិន​បើ​បូក​បញ្ចូល​ប្រាក់​ជំនួយ​ពី​រដ្ឋាភិបាល។

ពាណិជ្ជកម្ម

អតិថិជន​អាច​ធ្វើ​ការ​កក់​រថយន្ត​ Lucid Air ប្រភេទ Base នេះ​​ដោយ​តម្រូវ​ឲ្យ​កក់​ប្រាក់​ចំនួន ៣០០​ដុល្លារ។ អតិថិជន​ដែល​ធ្វើ​ការ​កក់​ក៏​នឹង​ទទួល​បាន​ការ​សាក​ភ្លើង​នៅ​​​ស្ថានីយ​សាក​ភ្លើង Electrify America រយៈពេល​ ៣​ឆ្នាំ​ផង​ដែរ។

មាន​មួយ​ប្រភេទ​ទៀត​ឈ្មោះ​ថា Lucid Air Touring ដែល​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ៩៥ ០០០​ដុល្លារ។ វា​មាន​រយៈ​ចម្ងាយ​បើកបរ ៦៥៣​គ.ម​ ដូច​គ្នា ប៉ុន្តែ​មាន​មក​ជា​មួយ​ស្រាប់​នូវ​ម៉ូទ័រ​អគ្គិសនី​ពីរ​អាច​ផលិត​កម្លាំង​បាន ៦២០​សេះ និង​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន៕

Sponsored