ក្រុមហ៊ុន MG បានដាក់ប្ងហាញគំរូរថយន្ត Cyberster នៅក្នុងកម្មវិធី 2021 Shanghai Auto Show ហើយឥឡូវនេះក្រុមហ៊ុនប្រកាសថា រថយន្តបើកដំបូលនេះនឹងចូលរោងចក្រផលិត បន្ទាប់ពីខ្លួនសម្រេចគោលដៃនៃយុទ្ធនាការរៃអង្គាសប្រាក់។
នៅក្នុងការប្រកាសមួយលើបណ្តាញសង្គម Weibo ក្រុមហ៊ុនផលិតរថយន្តខាងលើនេះបាននិយាយថា “គម្រោងត្រូវបានអនុម័តជាផ្លូវការរួចទៅហើយ” ហើយការរៀបចំសម្រាប់ផលិតកម្មក៏កំពុងដំណើរការដែរ។ ក្រុមហ៊ុន MG បានបន្តថា “រថយន្តស្ព័រនេះនឹងអនុវត្តតាមគោលការណ៍ high restoration, co-creation និង faster speed”។
ទោះជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ថាពេលណាទើបរថយន្តនេះចេញលក់ជាផ្លូវការឡើយ ប៉ុន្តែគំរូ Cyberster គឺជារថយន្តស្ព័រ ២កៅអី ដែលទទួលបានការឌីហ្សាញយ៉ាងទាក់ទាញ។
ថ្វីបើ MG មិនបានបង្ហាញលម្អិតអំពីដំណើរការរបស់វា ប៉ុន្តែធ្លាប់បានអះអាងថា គំរូរថយន្តនេះអាចមានចម្ងាយបើកបរ ៨០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៣វិនាទីឡើយ៕