[ទីផ្សារបរទេស] វីដេអូថ្មីនៃរថយន្ត Ford Everest សេរ៊ីថ្មី បានធ្វើការបង្ហាញចេញជាផ្លូវការ ជាមួយការបញ្ជាក់នូវការបរិច្ឆេទនៃការបង្ហាញខ្លួនជាផ្លូវការជុំវិញពិភពលោករបស់ខ្លួននាថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០ តាមរយៈទំព័រ Facebook និងគណនី YouTube ផ្លូវការរបស់ Ford ផ្ទាល់។
បើនិយាយអំពីរូបរាងនៃការឌីស្សាញថ្មីនៃរថយន្តនេះ ប្រាកដណាស់យើងទាំងអស់គ្នាបានដឹង និងឃើញរួចមកហើយតាមរយៈវីដេអូខ្លី និងរូបភាពនៃការបើកបរសាកល្បងដែលប្រទះឃើញនាពេលកន្លងមក ដោយផ្នែកខាងមុខមានភាពស្រដៀងគ្នាទៅនឹងភីកអាប់ Ranger ២០២៣ ដែលមានចង្កៀងមុខត្រូវបានរចនាជារូបរាងអក្សរ C និងមានរបានៅចំកណ្តាលប៉ាណា ដែលកាត់តាមភីកអាប់ខ្នាតធំ F-150 និងភីកអាប់ខ្នាតតូច Maverick។ ចំណែកផ្នែកខាងក្រោយ គេឃើញថាវាបានទទួលការឌីស្សាញថ្មីទៅលើកាង និងជាពិសេសគឺស្តុបក្រោយ ដោយអូសជាបន្ទាត់ចុះមកក្រោម ខណៈម៉ូឌែលបច្ចុប្បន្នមានរូបរាងមូល។
បើនិយាយអំពីជម្រើសម៉ាស៊ីននៃរថយន្ត Everest សេរ៊ីថ្មីនេះ រថយន្តនេះត្រូវបានគេដឹងថានឹងទទួលបាននូវជម្រើសម៉ាស៊ីនម៉ាស៊ូតថ្មីចំណុះ ៣,០លីត្រ V6 ប្រភេទ Turbo ដូចគ្នានឹងបងប្អូន Ford Ranger ២០២៣ របស់ខ្លួន លើសពីនេះគេក៏រំពឹងថា រថយន្តនេះនឹងទទួលបាននូវជម្រើសម៉ាស៊ីនប្រភេទហាយប្រ៊ីដផងដែរបន្ទាប់ពីគេហទំព័រមួយចំនួនបានប្រទះឃើញការធ្វើតេស្តនៃរថយន្តប្រភេទហាយប្រ៊ីដ៕