[ទីផ្សារបរទេស] រថយន្ត Chiron មួយគ្រឿងមានតម្លៃស្តង់ដារប្រមាណ ៣,៨លានដុល្លារ នៅទីផ្សារបរទេស ហើយអ្នកដែលមានលទ្ធភាពទិញរថយន្តនេះ ច្បាស់ជាហ៊ានចំណាយរាប់សែនដុល្លារទៀតសម្រាប់ Option ថ្លៃៗ ធ្វើឲ្យរថយន្តកាន់តែលេចធ្លោ និងមានរូបរាងដូចអ្វីដែលខ្លួនចង់បាន។
បើតាមព័ត៌មានលើវិបសាយរបស់ក្រុមហ៊ុនរថយន្តបារាំងនេះបានបង្ហាញតម្លៃលក់រាយរថយន្ត Chiron គឺប្រមាណ ៣,៨លានដុល្លារ ហើយជាមួយការជ្រើសរើសយក Option ដែលមានផ្ដល់សរុបតម្លៃ ៤៧៦ ៤៥០ដុល្លារ ធ្វើឲ្យរថយន្តនេះមានតម្លៃសរុបដល់ ៤,៣លានដុល្លារ។
ក្នុងបញ្ជីនៃ Option គេឃើញថាពណ៌ទឹកថ្នាំ Royal Carbon ពណ៌ខៀវជា Option ថ្លៃជាងគេ ដែលមានតម្លៃរហូតដល់ ២២២ ៥០០ដុល្លារ។ នៅខាងក្រោម Option នេះគឺ “Sky View” ដែលជាការដាក់បន្ថែមកញ្ចក់លើដំបូលរថយន្តដើម្បីទទួលបានទិដ្ឋភាពដ៏អស្ចារ្យដែល Option នេះមានតម្លៃ ៦២ ០០០ដុល្លារ។
Option តម្លៃថ្លៃមួយទៀតគឺការលេងជាពណ៌ខ្មៅនៅផ្នែកខាងក្នុង ដែលវាមានតម្លៃ ៥៦ ០០០ដុល្លារ ខណៈដែល Option ធូរថ្លៃជាងគេគឺដាក់ឡូហ្គោ EB នៅលើយ៉ាន់រថយន្តដែលមានតម្លៃ ១ ២៥០ដុល្លារ។
គួរដឹងថា Chiron គឺជារថយន្តមហាកម្លាំងដែលចូលមកជំនួស Veyron ដែលវាត្រូវបានផលិតតាំងពីឆ្នាំ២០១៦ និងបានកំណត់ចំនួនផលិតត្រឹម ៥០០គ្រឿងប៉ុណ្ណោះ។ វាមានម៉ាស៊ីន Turbo ១៦ស៊ីឡាំង ចំណុះ៨,០លីត្រ ដែលផលិតកម្លាំងបាន ១៥០០សេះ និងមានល្បឿនអតិបរមាកំណត់ត្រឹម ៤២០គ.ម/ម៉៕