ឃើញឯកសារប៉ាតង់ បង្ហាញថា VinFast ត្រៀមផលិតឡានភីកអាប់អគ្គិសនី

នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២២កន្លងទៅនេះ Reuters Detroit បានបង្ហាញរូបភាពនៃឯកសារប៉ាតង់ថាក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast ដែលគេរំពឹងថាក្រុមហ៊ុននេះត្រៀមឈានជើងចូលទៅកាន់ទីផ្សាររថយន្តភីកអាប់អគ្គិសនី។

សម្រាប់ Vinfast ដែលជាម៉ាកយីហោរថយន្តរបស់វៀតណាម ដោយនាពេលឥឡូវនេះពួកគេកំពុងឈានជើងចូលទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុបជាមួយនឹងការដាក់បង្ហាញរថយន្តប្រភេទ SUV អគ្គិសនី ហើយនឹងពង្រីកទៅកាន់ប្រភេទរថយន្តផ្សេងទៀតនាពេលអនាគត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Craig Westbrook ប្រធានផ្នែកសេវាកម្មរបស់ Vinfast នៅសហរដ្ឋអាមេរិកបាននិយាយនៅក្នុងព្រឹត្តិការណ៍Automotive Press Association នៅទីក្រុង Detroit ថា “យើងចង់បំពេញតម្រូវការទីផ្សារ ចំពោះ​រថយន្ត​ភីកអាប់​អគ្គិសនី Vinfast កំពុង​ពិចារណា​ពី​លទ្ធភាព​ផលិត”។

ទីផ្សារ​រថយន្ត​ភីកអាប់​អគ្គិសនី​ហាក់​មាន​ការ​រីកចម្រើន​យ៉ាងខ្លាំង​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែក៏មានក្រុមហ៊ុនធំៗដូចជា Ford, GM, Tesla, Rivian ដែលពួកគេទាំងអស់បានបង្ហាញចេញរថយន្តភីកអាប់អគ្គិសនី និងកំពុងធ្វើការលើការផលិត។

Vinfast បានចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅវៀតណាមកាលពីចុងឆ្នាំមុន ហើយមានបំណងផលិតអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ ២០២៣។ ក្នុងនោះ Vinfast គ្រោងនឹងបង្កើតរោងចក្រនៅសហរដ្ឋអាមេរិក ដែលមានសមត្ថភាពផលិតរថយន្ត ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ Vinfast ទទួលបានការកក់រថយន្ត SUV អគ្គិសនីជាង ៨ ០០០គ្រឿងនៅសហរដ្ឋអាមេរិក។ ហើយត្រូវបានគេរំពឹងថានឹងមានការលក់ជាសកលពី ៤០ ០០០ ទៅ ៥០ ០០០គ្រឿងនៅក្នុងប្រទេសវៀតណាម អឺរ៉ុប និងកាណាដា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម