ចិន​វ៉ាដាច់ជប៉ុន​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​រថយន្ត​ច្រើនជាង​គេ​របស់​ពិភពលោក​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣

[បរទេស] ប្រទេសចិនបាននាំចេញរថយន្តសរុបចំនួន ១ ០៦៩ ០០០ គ្រឿងនៅត្រឹមក្នុងត្រីមាសទីមួយ ក្នុងឆ្នាំ ២០២៣ ហើយ​ក៏​ជា​លើក​ដំបូងដែល​ប្រទេស​នេះ​វ៉ា​ដាច់​ជប៉ុន និង​អាល្លឺម៉ង់ ក្លាយ​ជា​ប្រទេស​នាំ​ចេញ​រថយន្ត​ធំ​ជាង​គេ​របស់​ពិភពលោក ។

ចំពោះសមិទ្ធផលនេះ ដោយសារមួយផ្នែកដែលប្រទេសចិនស្ទើរតែក្លាយជាប្រទេសផ្តាច់មុខក្នុងការនាំចេញ និងចែកចាយរថយន្តទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតបានដកខ្លួនចេញពីទីផ្សារនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមគេហទំព័រ ​​CarnewsChina ម៉ាកយីហោឈានមុខគេក្នុងការនាំចេញរថយន្តរបស់ប្រទេសគឺ SAIC ជាមួយនឹងរថយន្តចំនួន ៣១៣ ០០០ គ្រឿង តាមពីក្រោយដោយក្រុមហ៊ុន Chery និង Tesla របស់ប្រទេសចិនដែលមានការលក់រថយន្តចំនួន ២៤៤ ០០០ និង ១២៨ ០០០ គ្រឿង។

គួរឲ្យដឹងថា នៅមុនឆ្នាំ ២០២០ ការនាំចេញរថយន្តរបស់ចិនមានជាមធ្យមប្រហែលមួយលានគ្រឿងក្នុងមួយឆ្នាំ។ ទោះយ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ ២០២១ ចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័ស ដោយនៅចុងឆ្នាំ ២០២២ ប្រទេសចិនបាននាំចេញរថយន្តចំនួន ៣,១១ លានគ្រឿងដោយបានវ៉ាដាច់ប្រទេសអាឡឺម៉ង់ដើម្បីក្លាយជាប្រទេសនាំចេញរថយន្តធំទីពីរនៅលើពិភពលោក។

ទន្ទឹមនឹងនះ យោងតាមគេហទំព័រ ​​Reuters បានឲ្យដឹងថា ប្រសិនបើស្ថានភាពបច្ចុប្បន្ននៅតែដដែល នោះក្រុមហ៊ុនផលិតរថយន្តចិនអាចកាន់កាប់បានរហូតដល់ ៣៥% នៃចំណែកទីផ្សារនៃការលក់រថយន្តនៅក្នុងប្រទេសរុស្ស៊ីនៅចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម