ចិនវ៉ាអាល្លឺម៉ង់ដាច់ភឹង គ្រងដំណែងជាអ្នកនាំចេញរថយន្តធំជាងគេទីពីររបស់ពិភពលោក

ប្រទេសចិនបានបង្កើននូវការនាំចេញរថយន្តខ្លួនទៅកាន់បរទេសច្រើន ៥៤ភាគរយក្នងឆ្នាំ២០២២ បើធៀបទៅនឹងឆ្នាំមុខ។​ ​ដោយបានជម្រុញ​ប្រទេស​នេះ​ឱ្យ​ឈរ​នៅ​លំដាប់​ទី​ពីរ​នៅ​ទូទាំង​ពិភពលោក​ទាក់ទង​នឹង​ការ​នាំ​ចេញ​រថយន្តច្រើនបំផុតផងដែរ។

សមាគមក្រុមហ៊ុនផលិតរថយន្តចិនរាយការណ៍ថា ប្រទេសនេះបានដឹកជញ្ជូនរថយន្តចំនួន ៣,១១ លានគ្រឿងទៅកាន់បរទេសកាលពីឆ្នាំមុន ច្រើនជាងប្រទេសអាឡឺម៉ង់ ខណៈដែលកាលពីមុនជាប្រទេសនាំចេញធំទីពីរ ដែលបាននាំរថយន្តចេញចំនួន ២,៦១ លានគ្រឿងនៅក្នុងទីផ្សារអន្តរជាតិកាលពីឆ្នាំមុន ដែលកើនឡើង១០ភាគរយបើធៀបនឹងឆ្នាំ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឥឡូវនេះ ចិន​កំពុង​ដេញតាម​ជប៉ុន​ដែល​ស្ថិតនៅ​លំដាប់​កំពូល​។ ទោះបីជាលទ្ធផលពេញមួយឆ្នាំរបស់ប្រទេសជប៉ុនមិនទាន់មានក៏ដោយ ប៉ុន្តែបាននាំចេញរថយន្តជាង ៣,២ លានគ្រឿងទៅក្រៅប្រទេសក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២២។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសជប៉ុនត្រូវបានគេរំពឹងថានឹងបាននាំចេញយានយន្តតិចជាងកាលពីឆ្នាំ២០២១ នៅពេលដែលខ្លួនបាននាំចេញរថយន្តចំនួន ៣,៨២ លានគ្រឿងទៅកាន់ទីផ្សារបរទេស។ ក្រុមអ្នកវិភាគបានប្រាប់កាសែត South China Morning Post ថាជាមួយនឹងការនាំចេញកើនឡើងយ៉ាងឆាប់រហ័សរបស់ប្រទេសចិន និងបរិមាណធ្លាក់ចុះរបស់ប្រទេសជប៉ុន ចិនត្រូវបានរំពឹងថានឹងកាន់កាប់តំណែងជាអ្នកនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោកនាពេលខាងមុខនេះ។

ក្នុងនោះ Citic Securities ក៏ព្យាករណ៍ថា ប្រទេសចិនអាចនឹងនាំចេញរថយន្តបានដល់ទៅ ៥,៥ លានគ្រឿងនៅត្រឹមឆ្នាំ២០៣០ ដោយក្នុងនោះ ២,៥ លានគ្រឿងជាអគ្គិសនី។ ប្រទេសចិនក៏កំពុងនាំមុខក្នុងការលក់រថយន្តអគ្គិសនីផងដែរ BYD បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២ ដោយវ៉ាដាច់ក្រុមហ៊ុន Tesla ឥឡូវនេះក្រុមហ៊ុនត្រូវបានលក់នៅប្រទេសន័រវេស សិង្ហបុរី ប្រេស៊ីល និងឥណ្ឌា។ បន្ថែមជាមួយក្រុមហ៊ុនផលិតរបស់ចិនបានកាន់កាប់ចំណែកគ្រប់គ្រងទីផ្សារក្នុងស្រុករបស់ខ្លួនដោយមានប្រហែល ២០០ក្រុមហ៊ុន បានគ្រប់គ្រងជិត ៨៥ ភាគរយនៃទីផ្សារក្នុងឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម