ចិន ថា ការលក់រថយន្តអគ្គិសនីរបស់ខ្លួនកំពុងកើនឡើងដូចខ្យល់ព្យុះក្នុងឆ្នាំ២០២៤នេះ

តាមរបាយការណ៍របស់សមាគមរថយន្តអ្នកដំណើរចិន (CPCA) បាននិយាយថា ការលក់រាយរថយន្ត New Energy Vehicles (NEVs) នៅក្នុងប្រទេសចិនបានឈានដល់ចំនួន ៤៤៥ ០០០ គ្រឿង រាប់ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

តួលេខនេះបានកើនឡើង ៦៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន និងកើនឡើងចំនួន ១២ភាគរយ បើធៀបនឹងខែមុន ប៉ុន្តែបើគិតរហូតមកដល់ពេលនេះ ការលក់រាយរបស់រថយន្ត NEV សរុបនៅក្នុងប្រទេសចិនបានឈានដល់ចំនួន ៦,៤៥ លានគ្រឿង ដែលតួលេខនេះបានកើនឡើង ៣៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការលក់រាយរថយន្តគ្រប់ប្រភេទវិញ រាប់ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកញ្ញា មានចំនួនសរុប ៨២៨ ០០០ គ្រឿង កើនឡើងចំនួន ១៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន និង ១២ភាគរយ បើប្រៀបនឹងខែមុន។ លើសពីនេះទៅទៀត ការលក់រាយសរុបរបស់រថយន្ត NEV នៅក្នុងប្រទេសចិនមានចំនួន ១៤,២៩ លានគ្រឿង កើនឡើង ៣ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ចំណែកឯការលក់ដុំរបស់រថយន្ត NEV ក្នុងខែកញ្ញានេះ រាប់ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ មានចំនួន ៤៤១ ០០០ គ្រឿង កើនឡើង ៤៩ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំមុន និង ២៩ភាគរយ បើប្រៀបនឹងខែមុន ប៉ុន្តែបើគិតរហូតមកដល់ពេលនេះ ការលក់ដុំរបស់រថយន្ត NEV សរុបក្នុងឆ្នាំ២០២៤ នេះ គឺមានចំនួន ៧,១២លានគ្រឿង ដែលកើនឡើង ៣២ភាគរយ បើប្រៀបនឹងឆ្នាំមុន។

ក្នុងនោះផងដែរការលក់ដុំរថយន្តគ្រប់ប្រភេទរាប់ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកញ្ញា មានចំនួនសរុប ៨៦៨ ០០០ គ្រឿង កើនឡើង ៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងកើនឡើង ៤៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីខែមុន។ សម្រាប់ការ​លក់​រថយន្ត​ដុំ​​គ្រប់ប្រភេទ​ក្នុង​ប្រទេស​ចិន​មាន​ចំនួន​សរុប ១៦,៨១ លាន​គ្រឿង កើនឡើង ៤ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម