
ស្របពេលដែលក្រុមហ៊ុនជាច្រើនដូចជា BYD និង Xiaomi បានបង្ហាញចេញនូវរថយន្ត Supercar ជាច្រើន ពេលនេះ ក្រុមហ៊ុន Great Wall Motor (GWM) ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសចិន បានប្រកាសគ្រោងនឹងបង្ហាញចេញនូវរថយន្ត Supercar ដំបូងរបស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើឡើងនៅចុងឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងនោះ បើនិយាយពីការអភិវឌ្ឈន៍របស់រថយន្ត Supercar ដំបូងរបស់ក្រុមហ៊ុន Great Wall Motor (GWM) នេះ គឺត្រូវបានអភិវឌ្ឍអស់រយៈពេលប្រហែល ៤ ទៅ ៥ ឆ្នាំ ឯណ្ណោះ ហើយវាក៏នឹងក្លាយជារថយន្ត Supercar ដំបូងគេរបស់ GWM ដែលស្ថិតនៅក្រោមប្រេន ឬម៉ាកថ្មីដែលមានឈ្មោះថា “Zixin Auto” ផងដែរ។
ជាមួយគ្នានេះ សម្រាប់់ផ្នែកម៉ាសុីនវិញ រថយន្តនេះ ក៏អាចនឹងទទួលបាននូវម៉ាស៊ីនចំណុះ ៤,០ លីត្រ twin-turbo V8 ដែលផលិតដោយខ្លួនឯង ដែលអាចផលិតកម្លាំងបានជាង ១ពាន់សេះផងដែរ ខណៈពេលជាន់ពីកុងទ័រ ០ ទៅ ១០០គ.ម/ម៉ោងវិញ គឺប្រើពេលតែ ៣វិនាទីប៉ុណ្ណោះ។ លើសពីនេះ ក៏នឹងទទួលបានល្បឿនលើស ៣៥០ គីឡូម៉ែត្រ/ម៉ោងផងដែរ ខណៈតម្លៃវិញ គឺអាចនឹងមានតម្លៃលក់តែ ២៨មុឺនដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន៕