ក្រុមហ៊ុន MG Motor បានបង្ហាញចេញរថយន្ត MG6 ជំនាន់បច្ចុប្បន្ននេះកាលពីខែកញ្ញាឆ្នាំ ២០១៧ ដែលរថយន្តនេះប្រើប្រាស់គ្រោងឆ្អឹងដូចជារថយន្ត Roewe i6 ដែរ។ MG6 គឺមានជម្រើសម៉ាស៊ីនសាំង ឬ Hybrid ដែលមានរូបរាងក្រៅ និងការឌីហ្សាញខាងក្នុងបែបទាន់សម័យ។
ដោយមានរយៈពេល ៣ ឆ្នាំកន្លងទៅហើយនោះ គឺដល់ពេលដែលក្រុមហ៊ុន MG ត្រូវផ្ដល់ការអាប់ដេតដល់ MG6 ហើយបើផ្អែមតាមសារព័ត៌មានចិន Xincheping អាចឲ្យគេដឹងខ្លះៗអំពីរថយន្ត MG6 ម៉ូដែលថ្មី។
រូបភាពបានបង្ហាញថា MG6 ស៊េរីថ្មីគឺមានការផ្លាស់ប្ដូររចនាបថផ្នែកខាងមុខ ជាមួយចង្កៀងខាងមុខប្ដូរស្ទីលថ្មី និងមានរន្ធខ្យល់ដែលមានទំហំទូលាយជាងមុន និងមានឡូហ្គោ MG ធំជាងមុនផងដែរ។ចំណែកនៅខាងក្រោយវិញ គេឃើញកាងដែលរចនារូបរាងថ្មី ហើយមានបន្ថែមបន្ទះដែកតូចមួយនៅជាប់នឹងទ្វារក្រោយរថយន្ត។
ចំពោះម៉ាស៊ីនវិញ គឺម៉ាស៊ីនសាំង Turbocharged ចំណុះ ១,៥ លីត្រពេលនេះ អាចផលិតកម្លាំងបានច្រើនជាងមុន ដែលពីមុនមានកម្លាំង ១៦៦ សេះ ហើយពេលនេះមានកម្លាំងប្រហែល ១៧៨ សេះ។ ចំណែកប្រភេទ Hybrid វិញមិនទាន់មានដំណឹងច្បាស់នៅឡើយទេ បើសិនមិនផ្លាស់ប្ដូរនោះ គឺវាមានម៉ាស៊ីនសាំង ១,០ លីត្រ គួបផ្សំដោយម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ២២៤ សេះ។
MG Motor អាចនឹងបង្ហាញរថយន្ត MG6 ថ្មីនេះក្នុងពេលប៉ុន្មានខែទៀត៕