[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Xiaomi Auto បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរូរថយន្ត Hypercar អគ្គិសនី Xiaomi SU7 Ultra ប្រភេទទ្វារ៤ ជាមួយតម្លៃលក់ចាប់ពី ១១៤ ២០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្ត Xiaomi SU7 Ultra មានប្រវែងតួខ្លួនសរុប ៥ ២៦០ ម.ម ទទឹង ២ ០៦៤ ម.ម កម្ពស់ ១ ៤០៦ ម.ម ទម្ងន់ ១ ៩០០ គីឡូក្រាមនិងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៣ ពោលគឺម៉ូទ័រអគ្គិសនី V8 ចំនួន ២ និងម៉ូទ័រអគ្គិសនី V6 ចំនួន ១ ដែលអាចផលិតកម្លាំងសរុបបានចំនួន ១ ៥២៦ សេះ និងកម្លាំងរមួល ១ ៧៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយបច្ចេកវិទ្យាអាគុយ Qilin 2.0 battery ដែលសហការណ៏គ្នាផលិតដោយក្រុមហ៊ុន Xiaomi និងក្រុមហ៊ុន CATL ដែលប្រកាសកាលពីខែមិថុនា មានទំហំ ៩៣,៧ គីឡូវ៉ាត់ម៉ោង ដែលអាចផលិតកម្លាំងបានខ្ពស់បំផុតបានចំនួន ១ ៧៨៤ សេះ និងអាចផលិតកម្លាំងបានចំនួនលើសពី ១ ០៧២ សេះ ដោយសាកត្រឹមតែ ២០ភាគរយ ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះផងដែរ អាគុយ Qilin 2.0 battery គាំទ្របច្ចេកវិទ្យាសាកល្បឿនលឿន 5.2C DC charging ដែលមានសមត្ថភាពសាកប្រហែល ៤៩០ គីឡូវ៉ាត់ ដូឆ្នេះ រថយន្តនេះគឺអាចសាកពី ១០ ទៅ ៨០ភាគរយ គឺប្រើពេលត្រឹមតែ ១១នាទី ប៉ុណ្ណោះ។
លើសពីនេះទៅទៀត បច្ចេកវិទ្យាថ្មនេះ មានបំពាក់ជាមួយប្រព័ន្ធស្អំត្រជាក់ចំនួន២ ដែលអាចបង្កើនប្រសិទ្ធភាពភាពត្រជាក់ចំនួន ៦០ភាគរយ សម្រាប់ការបើកបរក្នុងល្បឿនលឿន រួមជាមួយនឹងបច្ចេកវិទ្យា CTB (cell-to-body) structure។ ក្នុងនោះ រថយន្ត Xiaomi SU7 Ultra អាចរត់ស្ទុះពីល្បឿន ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលខ្ទង់ ១,៩៨ វិនាទី, ០-២០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៥,៨៦ វិនាទី និងអាចបង្កើនល្បឿនដល់ ៣០០គីឡូម៉ែត្រ/ម៉ោង ដោយប្រើពេលត្រឹមតែ ១៥ វិនាទីប៉ុណ្ណោះ និងមាន Top-speed ៣៥០គីឡូម៉ែត្រ/ម៉ោង។
គួរបញ្ជាក់ផងថា ចំពោះម៉ាសុីន HyperEngine V8s របស់ Xiaomi SU7 Ultra មានល្បឿនអតិបរមា ២៧ ២០០ rpm អាចផលិតកម្លាំងបាន ៥៧៨ សេះ និងកម្លាំងរមួល ៦៣៥ ញ៉ូតុនម៉ែត្រ។
ចំណែកការរចនាតួខ្លួនវិញ ត្រូវបានរចនាជាមួយតួ carbon សុទ្ធ ដែលជំនួយដល់ការបើកបរល្បឿនលឿន Aerodynamic និងកាត់បន្ថយទម្ងន់ ព្រមទាំងប្រើប្រាស់នូវថាសកង់ទំហំ ២១ អ៊ីញ និងសំបកកង់ប្រភេទ Pirelli P Zero 5 tires។ លើសពីនេះទៅទៀត spoiler ផ្នែកខាងក្រោយរបស់រថយន្តនេះមានប្រវែង ១ ៥៦០ ម.ម ដែលអាចបញ្ជេញកម្លាំងសង្កត់ ឫ downforce បានចំនួន ២៦៥គីឡូក្រាម ហើយរថយន្តនេះទៀតសោកក៏មានភ្ជាប់មកជាមួយប្រព័ន្ធ Asil-D torque vectoring system នៅលើ board ផងដែរ។
ក្នុងនោះ Xiaomi SU7 Ultra មានបំពាក់ជាមួយហ្រ្វាំង carbon ceramic brake discs ដ៏ធំបំផុតដែលផ្នែកខាងមុខមានទំហំ ៤៣០ ម.ម x ៤០ ម.ម ជាប្រភេទ Akebono 6-piston calipers ហើយផ្នែកខាងក្រោយមានទំហំតូចជាងបន្តិចពោលគឺ ៤១០ ម.ម x ៣២ ម.ម ជាប្រភេទ 4-piston calipers។ សម្រាប់ហ្រ្វាំងនេះមានសីតុណ្ហភាពអតិបរិមាលើសពី 1300°C និងអាចជាន់ឈប់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈចម្ងាយ ៣០,៨ ម៉ែត្រ។
សម្រាប់ផ្នែកខាងក្នុងវិញ មានកៅអីស្ព័រ ខ្សែក្រវ៉ាត់សុវត្ថិភាពពណ៌លឿង និងដៃចង្កូត កៅអី ដែលរចនាជាមួយស្បែក Alcantara ក៏ដូចជាសម្ភារៈផ្សេងៗដែលផលិតអំពីកាបូនជាដើម៕