កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Isuzu ប្រចាំប្រទេសថៃ បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវម៉ាសុីនម៉ាស៊ូតថ្មីដែលមានឈ្មោះថា Maxforce សម្រាប់រថយន្តភីកអាប់ Isuzu D-Max និង Isuzu Mu-X ដើម្បីជំនួសម៉ាសុីនម៉ាស៊ូតប្រភេទ RZ4E ចំណុះ ១,៩លីត្រ ដែលបានប្រកាសចេញនៅក្នុងឆ្នាំ២០១៧ កន្លងទៅ។
សម្រាប់ម៉ាសុីនម៉ាស៊ូត Maxforce ថ្មីនេះគឺមានចំណុះ ២,២ លីត្រ ប្រើប្រាស់ turbo ទំហំ ៤សុីឡាំង ដែលអាចផលិតកម្លាំងបានចំនួន ១៦១ សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ រួមផ្សំជាមួយប្រព័ន្ធបច្ចេកវិទ្យា 48-volt mild-hybrid system និងប្រអប់លេខអូតូចំនួន ៨វគ្គ។ ក្នុងនោះក្រុមហ៊ុន Isuzu បាននិយាយថា ម៉ាសុីនថ្មីនេះគឺមានសមត្ថភាពផលិតកម្លាំងរមួលបានប្រសើរជាងមុនចំនួន ៥៦ភាគរយ និងសន្សំសំចៃប្រេងបានប្រសើរជាង ១០ភាគរយ បើប្រៀបធៀបទៅនឹងម៉ាសុីនម៉ាស៊ូតធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនបានបង្ហាញពីលក្ខណៈពិសេសរបស់ម៉ូទ័រអគ្គិសនី និងថ្មរបស់ប្រព័ន្ធ 48V នោះទេ។