[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Chery Tiggo 9 សេរ៊ីឆ្នាំ២០២៥ ប្រភេទ SUV លក្ខណៈគ្រួសារ ផ្តល់ជូនទាំងជម្រើស ៥ និង ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ២១ ៧៥០ ដុល្លារ ដល់ ២៩ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨២០ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៧១០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ២,០ លីត្រ ជំនួយដោយ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ២៥៧ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខអូតូចំនួន ៧ និង ៨វគ្គ និងប្រព័ន្ធបើកបរប៉ុង២ Real-Time 4WD ជាមួយកម្រិតសុីប្រេង ៧,៥ ទៅ ៨,៥លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។
សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េអបនឹងចង្កៀងមុខ-ក្រោយ LED សម្រាប់ផ្នែកចំហៀងវិញ ប្រើដៃទ្វារអគ្គិសនី ថាសកង់ស្ព័រទំហំ ១៨ ដល់ ២០អ៊ីញ និងដំបូលកញ្ចក់។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់ភ្លោះទំហំ ២៤,៦អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 ក៏ដូចជាអេក្រង់បង្ហាញលើកញ្ជាក់ HUD ទំហំ ៥០អ៊ីញ ភ្លើងបំភ្លឺចំនួន ២៥៦ពណ៌ កៅអីម៉ាស្សា និងប្រព័ន្ធជំនួយការបើកបរកម្រិតទី២៕