ចេញហើយ! Haval H9 ជំនាន់ទី២ តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Haval H9 ជំនាន់ទី២ ប្រភេទរថយន្ត SUV ៥ និង ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ២៨ ៤០០ ដុល្លារ ដល់ ៣២ ៧០០ ដុល្លារ នៅក្នុងទីផ្សារប្រទេស​ចិន។

Haval H9 ជំនាន់ទី២ មានប្រវែងតួខ្លួនសរុប ៥ ០៧០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៩៣០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង២ 4WD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានឌីស្សាញជាមួយប៉ាណាមុខមួយផ្ទាំងធំរចនាដោយរបាក្រូម៉េផ្តេករួមជាមួយឡូហ្គូលអក្សរ Haval នៅផ្នែកកណ្តាលអបដោយចង្កៀងមុខរចនាមូលប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៊ីញ ក៏ដូចជាចង្កៀងក្រោយ LED រចនាបែបបញ្ឈរ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ រួមទាំងដៃចង្កូតឌីស្សាញថ្មី ដំបូលកញ្ជក់ panoramic sunroof ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ប្រព័ន្ធជំនួយការបើកបរកម្រិតទី២ និងអាចផ្ទុកទម្ងន់បាន ៨០០គីឡូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម