[ទីផ្សារបរទេស] ក្រុមហ៊ុន Volvo បានរាយការណ៍អំពីចំនួនលក់ប្រចាំខែកុម្ភៈ នៃឆ្នាំ២០២២នេះ ដែលឃើញថាមានការធ្លាក់ចុះ ១៧,២% ធៀបនឹងខែកុម្ភៈឆ្នាំ២០២១ ដោយលក់បានសរុប ៤២ ០៦៧គ្រឿងនៅទូទាំងសកលលោក។
សរុបខែមករា ជាមួយខែកុម្ភៈ ក្រុមហ៊ុនអាចលក់រថយន្តបាន ៨៩ ៦២៨គ្រឿង ដែលតួលេខនេះធ្លាក់ចុះ ១៨,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ យ៉ាងណាក្ដី រឿងដែលល្អនោះគឺរថយន្តអគ្គិសនីដែលរួមទាំងរថយន្ត PHEV ផងនោះ ឃើញមានការកើនឡើងតម្រូវការ ៧%។
សរុបជារួម ផលិតផលរថយន្តអគ្គិសនីគឺមានចំណែក ៣២,៣% នៃចំនួនលក់សរុបនៅក្នុងពេល២ខែដំបូងនៃឆ្នាំ២០២២នេះ។ ចំណែករថយន្តអគ្គិសនីសុទ្ធវិញ មានកំណើនរហូតដល់ ១៧៤,៩% ដែលស្មើនឹង ៧,២% នៃចំនួនលក់សរុបរបស់ក្រុមហ៊ុន Volvo ក្នុងពេលពីរខែដំបូង។
ទីផ្សារធំសម្រាប់ Volvo មានដូចអឺរ៉ុប ប្រទេសចិន និងសហរដ្ឋអាមេរិក ខណៈដែលការលក់នៅអឺរ៉ុបដែលជាទឹកដីកំណើតរបស់ក្រុមហ៊ុននេះមានការធ្លាក់ចុះ ១៨,៦% នៅក្នុងខែកុម្ភៈ ដែលលក់ចេញបានសរុប ១៩ ៥១២គ្រឿង ខណៈដែលរថយន្តម៉ូដែល Recharge មានចំណែកលើសពីពាក់កណ្ដាលនៃចំនួនលក់អំឡុងខែកុម្ភៈ។
ទីផ្សារប្រទេសចិនឯណោះក៏មានការធ្លាក់ចុះចំនួនលក់ ២០,៣% ផងដែរនៅក្នុងពេលពីរខែដំបូង ខណៈដែលខែកុម្ភៈបានធ្លាក់ចុះ ១៣,៨%។ នៅទីផ្សារសហរដ្ឋអាមេរិកឃើញថាធ្លាក់ចុះខ្លាំងជាងគេ ដោយចំនួនលក់ខែកុម្ភៈធ្លាក់ចុះ ៣២,១% និងចំនួនលក់ខែមករាបូកជាមួយខែកុម្ភៈ ធ្លាក់ចុះ ២៣%។ យ៉ាងណាក្ដីរថយន្តអគ្គិសនីសុទ្ធនៅសហរដ្ឋអាមេរិកឃើញមានកំណើនតម្រូវការ ២៦៧,២% ដែលលក់ចេញបាន ៩៨៤គ្រឿង នៅពីរខែដំបូងនៃឆ្នាំ៕