ឆមាសទី១ ឆ្នាំនេះ ការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងស្លាកលេខពិសេស កើនឡើង ២៥% បើធៀបនឹងឆ្នាំមុន

[ក្នុងស្រុក] យោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ក្រោមវត្តមាន លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត នាថ្ងៃទី១១ កក្កដាកន្លងទៅនេះ បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) បានចំនួន ១៩ ៧៦៦ លេខ ទទួលបានចំណូលថវិកាប្រមាណ ៤០ ៦៤១ ១៨៧ ៤០០ រៀល ឬប្រមាណជាង ១០លានដុល្លារ ដោយកើនឡើង២៥% ប្រៀបធៀបនឹងឆ្នាំ២០២១ក្នុងរយៈពេលដូចគ្នា ក្នុងនោះ

  • ផ្លាកលេខពិសេសផ្ទាល់ខ្លួន(លេខកម្ពុជា) លក់បានចំនួន ៣ ២៧១ លេខ ទទួលបានចំណូលថវិកាប្រមាណ ២១ ៣៦៥ ៤០៧ ០០០ រៀល កើនឡើងចំនួន១៨%
  • ផ្លាកលេខពិសេស (រាជធានី-ខេត្ត) លក់បាន ១៦ ៤៩៥ លេខ ទទួលបានចំណូលថវិកាប្រមាណ ១៩ ២៧៥ ៧៨០ ៤០០ កើនឡើង៣២%

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីដំណើរវិវឌ្ឍន៍ប្រកប ដោយភាពវិជ្ជមានចាប់តាំងពីការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាំងពីឆ្នាំ២០១៦ រហូត ឈានដល់ការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញពី គំនិតបង្កើតថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពល រដ្ឋប្រកបដោយភាពសម្បូរបែប ក្រោមការដឹកនាំរបស់ ឯកឧត្តមទេសរដ្ឋន្ត្រី ស៊ុន ចាន់ថុល

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការប្រធានអង្គប្រជុំបានជំរុញលើកទឹកចិត្តឱ្យសមាជិកសមាជិកាផ្ដល់មតិយោបល់ ក៏ដូចជាធាតុចូលលើការជ្រើសរើសប្រធានបទសម្រាប់កម្មវិធី MPWT Live Show ដើម្បីផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងអំពីលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) និង លេខពិសេសចុះបញ្ជីរថយន្ត គ្រួសារ និងរថយន្តធុនស្រាល ដែលកម្មវិធីនេះគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាពេលខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម