[ទីផ្សារបរទេស] អ្នកប្រហែលជាធ្លាប់បានដឹងហើយថារថយន្តអគ្គិសនីបានចូលរួមចំណែកយ៉ាងធំក្នុងការជួយដល់បរិស្ថានធៀបនឹងរថយន្តម៉ាស៊ីនពីស្តុង ហើយពេលនេះ Ford បានចេញផ្សាយតួលេខបង្ហាញអំពីសមត្ថភាពការពារបរិស្ថាននៃរថយន្តអគ្គិសនីរបស់ខ្លួន។
ការសិក្សារបស់ Ford បានបង្ហាញថាប្រសិនបើអ្នកបើកបររថយន្តអគ្គិសនី និងប្រើប្រាស់ប្រភពភ្លើងក្នុងសហរដ្ឋអាមេរិកដើម្បីសាកវា អ្នកអាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតបានរហូតដល់ ៦០% បើធៀបនឹងប្រភេទពីស្តុងនៃរថយន្តដែលអ្នកប្រើ។
Ford បានបង្ហាញថារថយន្ត F-150 Lightning អាចជួយកាត់បន្ថយការសាយភាយឧស្ម័នបាន ៧៨តោន ក្នុងវដ្ដជីវិតរបស់រថយន្តនេះ ខណៈដែលរថយន្ត Mustang Mach-E អាចជួយកាត់បន្ថយបាន ៤២តោន និងរថយន្ត E-Transit អាចជួយកាត់បន្ថយបាន ៥៥តោន។
តាមការចុះផ្សាយរបស់ Electrek ផ្អែកតាមការរកឃើញរបស់ Ford ឲ្យដឹងថារថយន្តភីកអាប់ F-150 Lightning អាចជួយឲ្យម្ចាស់រថយន្តសន្សំសំចៃថវិកាបាន ២៧ ២០០ដុល្លារ ពីការចំណាយលើប្រេង ៣៣ ២០០លីត្រ ក្នុងវដ្ដជីវិតនៃរថយន្ត ដោយផ្អែកលើតម្លៃប្រេងឥន្ធនៈបច្ចុប្បន្ន។
ដោយឡែកសម្រាប់រថយន្ត E-Transit អាចជួយសន្សំសំចៃថវិកាបាន ១៩ ២០០ដុល្លារ ពីការចំណាយលើប្រេងឥន្ធនៈ ២៣ ៤០០លីត្រ និងរថយន្ត Mustang Mach-E សន្សំសំចៃថវិកាបានជិត ១៥ ០០០ដុល្លារ ពីប្រេងសាំង ១៨ ៩០០លីត្រ៕