កាលពីពេលថ្មីៗនេះ បើយោងតាមទិន្នន័យរបស់សារព៌ត័មាន Nikkei Asai បាននិយាយថា នៅក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនចិនបានកាន់កាប់ចំណែកទីផ្សារធំបំផុតនៃការផលិតសមាសធាតុសំខាន់ៗជាច្រើនរបស់អាគុយលីចូម-អ៊ីយ៉ុង ពោលមានចំនួនជាង ៨០ភាគរយ នៅលើពិភពលោក។
សមាសធាតុទាំងនោះ រួមមាន Cathode, Anode, Electrolyte និង Separator ដែលជាផ្នែកសំខាន់ៗរបស់អាគុយលីចូម-អ៊ីយ៉ុង។
គួរបញ្ជាក់ផងថា ចំណែកទីផ្សារនៃការផលិតសមាសធាតុសំខាន់ៗជាច្រើនរបស់អាគុយលីចូម-អ៊ីយ៉ុងរបស់ប្រទេសចិនបានបន្តកើនឡើងជាខ្លាំងដោយសារតម្រូវការក្នុងប្រទេសមួយនេះ និងតម្រូវការទីផ្សារពិភពលោក កំពុងមានតម្រូវការក្នុងការផលិតរថយន្តអគ្គិសនី និងរថយន្តកូនកាត់ Plug-in Hybrid។ ទន្ទឹមនឹងនេះផងដែរ ការប្រើប្រាស់រថយន្តនៅក្នុងប្រទេសចិនចំនួនជាង ៣០ភាគរយ គឺជារថយន្តអគ្គិសនី និងរថយន្តកូនកាត់ Plug-in Hybrid ។
ក្នុងនោះ ក្រុមហ៊ុនចិន មិនត្រឹមតែផ្តោតទៅលើទីផ្សារក្នុងស្រុកនោះទេ ពួកគេក៏បានពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងទីផ្សារបរទេសផងដែរ ដូចជាការវិនិយោគទឹកប្រាក់ចំនួន ៧០០ លានដុល្លារនៅក្នុងប្រទេសម៉ារ៉ុក សម្រាប់ការផលិតសមាសធាតុ Cathode និង Anode ដែលគ្រោងសម្រាប់នាំចេញទៅទីផ្សារតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក៕