[ទីផ្សារបរទេស] វីដេអូចេញផ្សាយដោយ YouTuber ឈ្មោះថា Out Of Spec Reviews បានបង្ហាញថាការសាកភ្លើងពី ០ ដល់ ១០០% សម្រាប់រថយន្តអគ្គិសនី Hummer EV ត្រូវចំណាយអស់ប្រមាណ ១០០ដុល្លារ ដោយចំណាយពេល ២ម៉ោង និង ៣០នាទី។
ការចំណាយនេះពិតជាច្រើន ប៉ុន្តែត្រូវដឹងថារថយន្តភីកអាប់អគ្គិសនីមានបំពាក់អាគុយដែលមានចំណុះធំរហូតដល់ ២០៥kWh ដែលទំហំនេះគឺធំជាងអាគុយរបស់រថយន្ត F-150 Lightning ប្រភេទ Standard Range រហូតដល់ពីរដងឯណោះ (៩៨kWh)។
រថយន្តដែលបានបង្ហាញក្នុងវីដេអូគឺជាប្រភេទ Edition 1 ដែលមានន័យថាវាមានមកជាស្តង់ដារនូវម៉ូទ័រអគ្គិសនីចំនួនបី អាចផលិតកម្លាំងបាន ១០០០សេះ និងមានចម្ងាយបើកបរប្រមាណ ៥២៩គីឡូម៉ែត្រ។
ត្បិតថារថយន្តមានអាគុយចំណុះតែ ២០៥kWh ប៉ុន្តែវិក័យបត្រគិតប្រាក់បង្ហាញថាវាបានប្រើប្រាស់ថាមពលអស់ ២២៤kWh ដោយសារការបាត់បង់ថាមពលពេលសាកភ្លើង ហើយការសាកនេះបានចំណាយអស់ ១០២,៣១ដុល្លារ គិតបញ្ចូលទាំងពន្ធ។
ម្ចាស់វីដេអូបានធ្វើការគណនាបង្ហាញថាការសាកភ្លើងនៅតាមផ្ទះប្រហែលជាចំណាយអស់ប្រមាណ ១៦ដុល្លារ ប៉ុណ្ណោះ សម្រាប់អ្នកដែលរស់នៅឯរដ្ឋ Colorado សហរដ្ឋអាមេរិក៕