រថយន្តអគ្គិសនីចិន Nezha S Yaoshi EV បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសចិន ដើម្បីតួដើរជាគូប្រជែងរបស់ Tesla Model S។
រថយន្ត Nezha S Yaoshi EV ប្រភេទប្រើប៉ុងពីរ AWD នឹងមានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២គ្រឿង មានកម្លាំងសរុប ៤៥៦សេះ អាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៩វិនាទី ហើយមានល្បឿនអតិបរមាដល់ ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង។
ថ្វីបើទំហំអាគុយអគ្គិសនីវាមិនទាន់ត្រូវបានបង្ហាញ ប៉ុន្តែក្រុមហ៊ុន Nezha និយាយថា វានឹងផ្តល់ចម្ងាយបើកបរដល់ ៦៥០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Nezha S នឹងមានទាំងជម្រើសប្រើប៉ុងក្រោយ RWD ទៀតផង ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ផ្តល់ចម្ងាយបើកបរ ៧១៥គីឡូម៉ែត្រ ខណៈប្រភេទ Range Extender អាចបើកបានដល់ ១ ១០០គីឡូម៉ែត្រឯណោះ។
រថយន្តអគ្គិសនីខាងលើ ក៏នឹងចេញម៉ូដែលពិសេសមួយទៀត ហៅថា «Yaoshi» ដែលនឹងផលិតមានចំនួនកំណត់ ត្រឹមតែ ៩៩៩គ្រឿងប៉ុណ្ណោះ។
រថយន្ត Nezha S Yaoshi EV មានបំពាក់ទ្វារបើកឡើងដូចទៅនឹងរថយន្ត Lamborghini ហើយប្រើចង្កៀង LED មួយជុំរថយន្ត, ដំបូល panoramic sunroof, កុងទ័រឌីជីថលទំហំ ១៣,៣អ៊ីញ, អេក្រង់ក្សាន្ត Touchscreen កម្រិត 2K ទំហំ ១៧,៦អ៊ីញ, អេក្រង់សម្រាប់អ្នកដំណើរមុខ ទំហំ ១២,៣អ៊ីញ, កុងទ័របាញ់លើកញ្ចក់ និង speaker ២១គ្រាប់ កម្លាំង ១ ២០០វ៉ាត់។
ក្រៅពីនោះ វាក៏មានបំពាក់រ៉ាដា millimetre-wave radars ៥គ្រាប់, កាមេរ៉ា ១១គ្រាប់ និង សេនស័រ LiDAR ២គ្រាប់ ទៀតផង។ វាត្រូវបានដាក់ឲ្យបញ្ជាទិញហើយនៅក្នុងប្រទេសចិន ក្នុងតម្លៃចាប់ពីខ្ទង់ ៥០ ០០០ដុល្លារ៕