ញាក់សាច់! Brabus 900 Rocket Edition ផលិត ២៥គ្រឿងប៉ុណ្ណោះ ឯកម្លាំង និងតម្លៃញាក់សាច់

ក្រុមហ៊ុនកែច្នៃរថយន្តប្រណីតរបស់អាឡឺម៉ង Brabus បានធ្វើការបង្ហាញចេញនូវរថយន្តកំពូលកម្លាំង 900 Rocket Edition ដែលផលិតឡើងចំនួន ២៥គ្រឿងប៉ុណ្ណោះ ដោយមួយគ្រឿងៗ មានតម្លៃចាប់ពី ៥៧០ ០០០ដុល្លារ។

សម្រាប់រថយន្ត 900 Rocket Edition បានបំពាក់ជាមួយ Bodykit Widestar របស់ Brabus ជំនាន់ចុងក្រោយបំផុត ដោយកាងខាងមុខ មានភ្ជាប់មកជាមួយរន្ធខ្យល់ និង Spoiler ដែលជាស្តាយរបស់រថយន្តប្រភេទស្ព័រ។ រីឯប៉ាណាខាងមុខបានធ្វើឡើងពីកាបូន ដែលមានពណ៌ខ្មៅ លាយពណ៌ក្រហម និងឡូហ្គូអក្សរ B។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្រោយបានបំពាក់ជាមួយ Spoiler ផលិតឡើងពីកាបូននៅលើដំបូលក្រោយ និងបានបំពាក់ជាមួយថាសកង់កាបូន Brabus Monoblock Z ”Platinum Edition” ទំហំ ២៤អ៊ីញ រួមជាមួយដុំហ្រ្វាំងខាងមុខ ៤០០មីលីម៉ែត្រ និងខាងក្រោយ ៣៧០មីលីម៉ែត្រ។ បន្ថែមពីនេះ រថយន្តក៏បានបំពាក់ជាមួយ គម្រប់ម៉ាស៊ីន, គម្រប់ភក់, ស៊ុមកញ្ចក់សង់ខាង, air vents ជំហៀង និងដៃទ្វា ធ្វើពីកាបូនផងដែរ។

ចំនែកផ្នែកខាងក្នុង Brabus បានឌីស្សាញកាន់តែពិសេស និងប្រណិតជាងមុន ដោយនៅផ្នែកខាងក្រោមបានឌីស្សាញថ្មី ជាមួយកៅអីដ៏ប្រណិតចំនួនពីរ ដែលមានតុធ្វើការ, កន្លែងដាក់កែវ, កូនទូរទឹកកក, និងអេក្រង់សម្រាប់ផ្លាស់ប្តូរមុខងារកៅអី។ សម្រាប់កៅអីទាំង ៤បានប្រើប្រាស់ជាមួយស្បែកប្រភេទថ្លៃ និងមានមុខងារកម្តៅ និងត្រជាក់ ហើយដៃទ្វា, ដៃចង្កូត, Armrest, វង្កឹះលេខ និង Console កណ្តាល ត្រូវបានផលិតឡើងពីកាបូន ឬ ដែកកម្រិតខ្ពស់។

ក្រុមហ៊ុនកែច្នៃរថយន្ត Brabus បានធ្វើការតម្លើងនូវថាមពលម៉ាស៊ីននៃរថយន្ត 900 Rocket Edition ពីម៉ាស៊ីនចំណុះ ៤,០លីត្រ ៨ស៊ីឡាំង Twin-turbo ទៅចំណុះ ៤,៥លីត្រ ព្រមទាំងបានបន្ថែមនូវ Turbo ធំមួយ, មុនកាត់ស៊ីឡាំងធំជាងមុនទំហំ ៨៤មីលីម៉ែត្រ, Strock វែងជាមុន ប្រវែងសរុប ​១០០មីលីម៉ែត្រ, ប្រព័ន្ធបញ្ចេញ-បញ្ចូលខ្យល់, វ៉ាល់ BoostXtra, Forged Connecting rods និងស៊ីម៉ាំងទំហំធំជាងមុន ដែលមានមុខងារ Active Exhaust Flap។

រថយន្ត 900 Rocket Edition បំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,៥លីត្រ ទំហំ ៨ស៊ីឡាំង Twin-turbo មានកម្លាំង ៨៨៨សេះ និងកម្លាំងបង្វិលអតិបរមា ១ ២៥០ញ៉ូតុនម៉ែត្រ ប៉ុន្តែប្រព័ន្ធអេឡិចត្រូនិចអូសទាញបានត្រឹម ១ ០៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៩វគ្គអូតូ។ វាអាចស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៧វិនាទី លឿនជាង G 63 ចំនួន ០,៨វិនាទី និងមានល្បឿនអតិបរមា ២៨០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម