កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន BYD បានប្រកាសបើកសម្ពោធជាផ្លូវការនូវសារមន្ទីរវិទ្យាសាស្ត្រថាមពលថ្មីដែលមានឈ្មោះថា Di Space ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Zhengzhou ប្រទេសចិន។
សារមន្ទីរនេះ គឺជាសារមន្ទីរសម្រាប់ដាក់បង្ហាញរថយន្តម៉ូដែល NEV (រថយន្តថាមពលថ្មី) ដំបូងគេនៅក្នុងប្រទេសចិនដែលបង្កើតឡើងសម្រាប់សាធារណៈជន។ ហើយសារមន្ទីរនេះ ត្រូវបានរចនាបញ្ចូលគ្នារវាងវប្បធម៌ និងបច្ចេកវិទ្យារថយន្ត ដែលផ្តល់នូវបទពិសោធន៍សិក្សាដ៏ទូលំទូលាយសម្រាប់អ្នកទស្សនា។
សម្រាប់សារមន្ទីរ Di Space មានទំហំ ១៥ ០០០ ម៉ែត្រការ៉េ ហើយចែកចេញជា ៤ជាន់ ដែលជាន់នីមួយៗត្រូវបានកែច្នៃដោយផ្ដោតលើផ្នែកខុសៗគ្នារួមមាន៖
- ជាន់ទី ១: បង្ហាញប្រវត្តិនៃឧស្សាហកម្ម NEV ក្នុងប្រទេសចិន។
- ជាន់ទី ២: បង្ហាញដំណើរការផលិត និងវិស្វកម្មរថយន្ត BYD ។
- ជាន់ទី ៣: ធ្វើការតាំងបង្ហាញបច្ចេកវិទ្យា Blade Battery និង DM-i ជំនាន់ទី៥។
- ជាន់ទី ៤: តំបន់អន្តរកម្មដែលអនុញ្ញាតឱ្យសិស្សអាចសិក្សា និងអនិវត្តបាន។
បន្ថែមពីលើនេះ សារមន្ទីរ Di Space ក៏មានផ្លាហ្សា (បរិវេនខាងក្រៅអគារ) ចំនួន១ ផងដែរ ដែលមានទំហំ ៨ ៥០០ ម៉ែត្រការ៉េ និងកន្លែងរៀបចំព្រឹត្តិការណ៍ផ្សេងៗដែលមានទំហំ ៣៦០ ម៉ែត្រការ៉េ។
ក្នុងនោះ សារមន្ទីរ Di Space របស់ក្រុមហ៊ុន BYD មានគោលបំណងជំរុញការយល់ដឹងរបស់សាធារណៈជនអំពីរថយន្ត NEV និងពង្រើកការផ្សព្វផ្សាយរបស់រថយន្តនេះក្នុងកម្រិតថ្នាក់ជាតិ៕