ញាក់សាច់! Hyundai Santa Fe សេរ៊ីឆ្នាំ២០២៥ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ANCAP ប្រចាំប្រទេសអូស្រ្តាលី

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានប្រកាសជាផ្លូវការថា រថយន្តគ្រួសារ ៦/៧ កៅអី Hyundai Santa Fe សេរ៊ីឆ្នាំ២០២៥ របស់ពួកគេបានទទួលបានលទ្ធផលសុវត្ថិភាពផ្កាយ ៥ ពី ANCAP (Australasian New Car Assessment Program) ប្រចាំប្រទេសអូស្រ្តាលី ក្រោមលក្ខណៈវិនិច្ឆ័យស្តង់ដារថ្មីចុងក្រោយបំផុត (២០២៣-២០២៥)។

ក្នុងនោះ រថយន្តនេះត្រូវបានបង្ហាញថាជារថយន្តដែលមានសមត្ថភាពសុវត្ថិភាពខ្ពស់ចំពោះអ្នកបើកបរ កូនក្មេង និងការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរថយន្តនេះផងដែរ គឺទទួលលទ្ធផលសំខាន់ៗដូចជា៖

  • ការការពារអ្នកដំណើរពេញវ័យ ៨៤ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៦ភាគរយ
  • ការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវ ៧៧ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨០ភាគរយ។

សម្រាប់រថយន្ត Hyundai Santa Fe សេរ៊ីឆ្នាំ២០២៥ នេះ ដំណើរការដោយម៉ាសុីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបាន ២២៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១,៤៩គីឡូវ៉ាត់ម៉ោង និងភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង១ RWD និងប៉ុង២ AWD និងមានកម្រិតសុីប្រេង ៥,២លីត្រ ក្នុងចម្ងាយបើកបរ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម