ញាក់សាច់! Mercedes-Benz បញ្ចេញឡានខ្ទង់សែនដុល្លារ ២ម៉ូឌែល សម្រាប់អ្នកដំណើរជិះ Business Class

ក្រុមហ៊ុន Mercedes-Benz Malaysia (MBM) និង Malaysia Aviation Group (MAG) បានប្រកាសសហការគ្នាក្នុងការផ្តល់សេវាធ្វើដំណើរក្នុងព្រលានយន្តហោះដ៏ប្រណិតសម្រាប់អ្នកដំណើរដែលទទួលបានសិទ្ធិពីក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី KLIA ។

ចំពោះការការផ្តល់សេវានេះ បាន និងផ្តើមពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ តទៅ។ ដែលក្នុងនោះ រថយន្តប្រណិតចំនួន ២ម៉ូឌែល គឺ Mercedes-Benz S580e និង EQS 500 4MATIC នឹងត្រូវបានប្រើសម្រាប់ការផ្តល់សេវាធ្វើដំណើរឯកជនផ្តាច់មុខដល់អ្នកដំណើរដែលហោះហើរក្នុង Business Suite និង Business Class និងសមាជិក Enrich Platinum ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ សេវាកម្មនេះ នឹងត្រូវបានពង្រីកដល់អតិថិជន Mercedes-Benz ចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៥ តទៅ។ ជាមួយគ្នានេះ ម្ចាស់រថយន្ត Mercedes-Benz ក៏នឹងទទួលបានការអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ និងទទួលបានការលើកទឹកចិត្តពិសេសៗជាច្រើនផងដែរ ដូចជាឱកាសចូលរួមក្នុងការធ្វើដំណើរផ្តាច់មុខទៅកាន់ប្រទេសអាល្លឺម៉ង់ នៅពេលពួកគេទិញរថយន្ត Mercedes-Benz ថ្មីជាដើម។

គួរឲដឹងថា រថយន្ត Mercedes-Benz S580e ត្រូវបានដាក់លក់ក្នុងប្រទេសម៉ាឡេសុីក្នុងឆ្នាំ ២០២១ បច្ចុប្បន្នមានតម្លៃខ្ទង់ ១៧មុឺនដុល្លារ ដំណើការដោយម៉ាស៊ីនចំណុះ ៣,០ លីត្រ turbocharged straight-six និងម៉ូទ័រអគ្គិសនី ផលិតកម្លាំងសរុបបាន ៥១០សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូចំនួន ៨វគ្គ ជាន់ពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៥,២ វិនាទី។

ខណៈម៉ូឌែលអគ្គិសនីសុទ្ធ EQS 500 4MATIC វិញ ត្រូវបានណែនាំក្នុងប្រទេសម៉ាឡេសុីក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ មានតម្លៃលក់ខ្ទង់ ១៥មុឺនដុល្លារ ប្រើម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ៤៤៩ សេះ និងកម្លាំងរមួល ៨២៨ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០៨,៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៩៦គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ជាន់ពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៤,៨ វិនាទី គាំទ្រការសាកល្បឿនលឿនរហូតដល់ ២០០គីឡូវ៉ាត់ អាចសាកឡើងពី ២០ ទៅ ៨០ភាគរយ ក្នុងរយៈពេលប្រហែល ៣១ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម