ញាក់សាច់! Toyota ចេញឡាន EV ថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ សាកម្តងរត់បានដល់ ៦២០គ.ម ឯ Options កប់សារីៗ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC-Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Toyota bZ3X ប្រភេទ SUV អគ្គិសនីសុទ្ធ នៅក្នុងទីផ្សារប្រទេសចិន ផ្តល់ជូនជម្រើសចំនួន៣ រួមមាន 430 Air+, 520 Pro+ និង 620 Max ជាមួយតម្លៃលក់ចាប់ពី ១៣ ៨០០ ដុល្លារ​ ដល់ ២៧ ៥០០ ដុល្លារ ហើយគ្រោងប្រកាសចេញលក់ជាផ្លូវការនៅក្នុងខែមិនា ក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

Toyota bZ3X ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ FWD អាចផលិតកម្លាំងបាន ២០១ សេះ ផ្គួបជាមួយអាគុយទំហំ ៥០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងជម្រើសអាគុយចំនួន ២ជម្រើសផ្សេងទៀត អាចបើកបរបានចម្ងាយ ៥២០ និង ៦២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ២៤នាទី ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦០០ ម.ម ទទឹង ១ ៨៧៥ ម.ម កម្ពស់ ១ ៦៤៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ។ សម្រាប់ផ្នែកខាងក្រៅទទួលបានភាសារចនា “pure electric aesthetics” ដែលមានការរចនាជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ចំនួន ១១២គ្រាប់ អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង កញ្ចក់ចំហៀងពណ៌ខ្មៅ ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ និង ១៩អ៊ីញ និងដៃទ្វារប្រភេទ hidden door handles ជាដើម។ លើសពីនេះទៅទៀត ក៏ទទួលបាននូវជម្រើសពណ៌ Sky White, Pure Snow White, Distant Mountain Gray, Bright Moon Silver, Vast Black, Sky Pink និង Cyber ​​Gold ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ៨,៨អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១៤,៦អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155  សម្រាប់បញ្ជាមុខងារទូទៅតាមសម្លេង ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ panoramic sunroof ទំហំ ១,១៤ម៉ែត្រការ៉េ ភ្លើងលម្អ ambient lighting ចំនួន ៣២ពណ៌ ពោងសុវត្ថិភាពចំនួន ៧ចំនុច បាសសម្លេង Yamaha ចំនួន ១១គ្រាប់ ព្រមទាំងភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Momenta 5.0 ដំណើរការដោយបន្ទះឈីប Nvidia DRIVE AGX Orin X ដែលរួមបញ្ជូលនូវឧបករណ៍ចាប់សញ្ញាចំនួន ២៧គ្រាប់ កាមេរ៉ាកម្រិតខ្ពស់ចំនួន ១១គ្រាប់ រ៉ាដា ultrasonic ចំនួន ១២គ្រាប់ ក៏ដូចជាមុខងារជំនួយការកំណត់ល្បឿន ជំនួយភ្លើងចរាចរណ៍ ចតពីចម្ងាយ និងមុខងារ blind spot monitoring ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម