ក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនកំពុងវិនិយោគលុយប្រហែល ២,២ ពាន់លានដុល្លារ នៅក្នុងប្រតិបត្តិការផលិតកម្មរបស់ខ្លួន ដែលភាគច្រើនដើម្បីបង្កើនការផលិតរថយន្តអគ្គិសនី។
វាគឺជាការវិនិយោគចុងក្រោយបង្អស់មួយសម្រាប់ក្រុមហ៊ុនផលិតរថយន្ត General Motors នៅពេលដែលវាផ្តោតសំខាន់ទៅលើរថយន្តអគ្គិសនី ក្រោមចក្ខុវិស័យ “Triple Zero” របស់ CEO ក្រុមហ៊ុនលោក Mary Barra។
ចាប់តាំងពីខែមីនា ឆ្នាំ ២០១៩ ក្រុមហ៊ុន GM បានប្តេជ្ញាវិនិយោគជាង ៤,៥ ពាន់លានដុល្លារ លើរោងចក្រផលិតរថយន្តចំនួន ៣ នៅសហរដ្ឋអាមេរិក ដើម្បីត្រៀមផលិតកម្មដែលទាក់ទងនឹងរថយន្តអគ្គិសនី។
គួរឲ្យដឹងថា ក្រុមហ៊ុន GM ធ្លាប់បាននិយាយថា ខ្លួនគ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីយ៉ាងហោចណាស់ ២០ ម៉ូដែល នៅទូទាំងពិភពលោក នៅឆ្នាំ ២០២៣ ក្នុងនោះក៏មានរថយន្តម៉ាក GMC Hummer EV ដែលទើបប្រកាសចេញនាពេលថ្មីៗនេះដែរ។
ថវិកាប្រមាណជា ២,២ ពាន់លានដុល្លារ នឹងត្រូវចំណាយទៅលើរោងចក្រមួយនៅតំបន់ Spring Hill រដ្ឋ Tennessee សម្រាប់ការផលិតរថយន្តអគ្គិសនីនាពេលអនាគត រួមទាំងរថយន្ត Cadillac Lyriq ផងដែរ៕