[ទីផ្សារបរទេស] តម្លៃជាមធ្យមនៃរថយន្តថ្មីនៅសហរដ្ឋអាមេរិក បានកើនឡើងដល់ចំណុចខ្ពស់បំផុតមួយ ដោយឡើងដល់តម្លៃ ៤៨ ០០០ដុល្លារ ជាលើកដំបូង។
ក្នុងខែមិថុនា ឆ្នាំ២០២២ តម្លៃជាមធ្យមនៃរថយន្តថ្មីបានហក់ឡើងដល់ ៤៨ ០៤៣ដុល្លារ យកឈ្នះកំណត់ត្រាតម្លៃដែលសាងបានកាលពីខែធ្នូ ឆ្នាំ២០២១ ជាមួយតម្លៃ ៤៧ ២០២ដុល្លារ។ តម្លៃនេះមានការកើនឡើង ១,៩% ធៀបនឹងខែឧសភា ហើយកើនឡើង ១២,៧% ធៀបនឹងខែមិថុនា ឆ្នាំ២០២១។
ការកើនឡើងនៃតម្លៃរថយន្តថ្មីនេះក៏ដោយសារអតិថិជនបានចំណាយប្រាក់ច្រើនជាងមុនក្នុងការទិញរថយន្តប្រណីត ដោយតាមការវិភាគរបស់ Kelly Blue Book បានបង្ហាញថាក្នុងខែមិថុនា ឆ្នាំ២០២២ អតិថិជនបានចំណាយជាមធ្យម ៦៦ ៤៧៦ដុល្លារ លើការទិញរថយន្តប្រណីត។ បន្ថែមពីនេះចំនួនរថយន្តប្រណីតដែលត្រូវបានទិញបានកើនឡើងផងដែរ ដោយកើនឡើងពីចំណែក ១៧,៣% កាលពីខែឧសភា ឡើងមកដល់ ១៨% នៅខែមិថុនា។
ដោយឡែក ការចំណាយជាមធ្យមសម្រាប់រថយន្តអគ្គិសនីក៏បានបន្តកើនឡើងផងដែរ ដោយកើនឡើង ៣,៨% ធៀបនឹងខែឧសភា ហើយកើនឡើង ១៣,៧% ធៀបនឹងខែមិថុនា ឆ្នាំ២០២១។ រថយន្តអគ្គិសនីនៅខែមិថុនា ជាមធ្យមលក់ចេញក្នុងតម្លៃ ៦៦ ០០០ដុល្លារ ខណៈដែលរថយន្ត Hybrid លក់ចេញក្នុងតម្លៃជាង ៣៩ ០០០ដុល្លារ នៅសហរដ្ឋអាមេរិក៕