តិចនិកបើករថយន្តឆ្លងកាត់កន្លែងដែលមានការដ្ឋានសាងសង់ផ្លូវ

ការបើកបររថយន្តឆ្លងកាត់ការដ្ឋានសាងសង់ផ្លូវ គឺទាមទារឲ្យមានការយល់ដឹងបន្ថែមទៀតអំពីបច្ចេកទេសនៃការបើកបរ និងត្រូវផ្តោតការយកចិត្តទុកដាក់ចំពោះផ្លាកសញ្ញា ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ និងការខូចខាតដល់រថយន្ត។

ដូច្នេះខាងក្រោមនេះ គឺជាចំណេះដឹង និងតិចនិកបើកបរមួយចំនួន នៅពេលធ្វើដំណើរឆ្លងកាត់ការដ្ឋានសាងសង់នៅផ្លូវខាងមុខ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. ឆែកមើលស្ថានភាពផ្លូវ៖ ប្រសិនបើអ្នកមានគម្រោងទៅកាន់គោលដៅណាមួយ លោកអ្នកអាចឆែកព័ត៌មានជាមុនសិនថា ផ្លូវទៅគោលដៅនោះមានការសាងសង់ ឬជួសជុលឬអត់។ បើមាននោះអ្នកក៏អាចស្វែងរកផ្លូវផ្សេងជំនួសវិញបានផងដែរ។

២. យករថយន្តទៅត្រួតពិនិត្យ៖ ជាទូទៅមុនចេញដំណើរផ្លូវឆ្ងាយ គឺត្រូវឆែកសុខភាពរថយន្តជាមុនសិន។ លើសពីនេះ ប្រសិនបើផ្លូវដែលត្រូវទៅនោះ កំពុងសាងសង់ ឬជួសជុល គឺត្រូវពិនិត្យលម្អិតថែមទៀតចំពោះផ្នែកជើងក្រោមរថយន្ត។

៣. បន្ថយល្បឿន៖ នៅពេលកំពុងបើកបរ ហើយឃើញផ្លាកសញ្ញាណាមួយដែលផ្តល់ដំណឹងពីការដ្ឋាននៅខាងមុខ អ្នកបើកបរត្រូវបន្ថយល្បឿនឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។

៤. ត្រូវមានភាពអត់ធ្មត់៖ នៅតាមផ្លូវដែលមានការដ្ឋានសាងសង់ គឺចៀសមិនផុតពីមានការកកស្ទះនៅតាមចំណុចមួយចំនួនទេ ដូច្នេះត្រូវត្រៀមចិត្តឲ្យហើយ និងយោគយល់ខ្ពស់។

៥. ទុកចន្លោះសុវត្ថិភាព៖ បើទោះបីជាល្បឿនរថយន្តយឺតក៏ដោយពេលបើកលើផ្លូវដែលមានការដ្ឋាន ក៏គួរតែទុកគម្លាត ឬចន្លោះសុវត្ថិភាព ឲ្យបានឆ្ងាយបន្តិចពីរថយន្តខាងមុខផងដែរ ព្រោះរថយន្តនោះអាចនឹងជាន់ហ្វ្រាំងឈប់ភ្លាមៗក្នុងពេលប្រទះនឹងឧបសគ្គអ្វីមួយ។

៦. ត្រៀមវ៉ៃស៊ីញូប្តូរគន្លងជាប់ជានិច្ច៖ ក្នុងទីតាំងការដ្ឋានសាងសង់ផ្លូវ ជាទូទៅតែងមានការបិទផ្លូវ បើផ្លូវធំមានគន្លងច្រើន អាចបិទគន្លងផ្លូវខ្លះ ហើយបើផ្លូវតូច អាចនឹងបិទ១ចំហៀងផ្លូវតែម្តង ជួនកាលឆ្វេង ជួនកាលស្តាំ ដែលតម្រូវឲ្យអ្នកបើកបរផ្លាស់ប្តូរគន្លងផ្លូវជាប់ជានិច្ច។

៧. យល់ដឹង និងគោរពតាមផ្លាកសញ្ញាក្នុងតំបន់ការដ្ឋាន៖ រួមមាន ផ្លាកការដ្ឋាន ផ្លូវវាងដែលមានសញ្ញាព្រួញទៅឆ្វេង ឬស្តាំ ថ្មខ្ទាត បង្គោលរាងសាជី សញ្ញាព្រួញបង្វែទិស និងអ្នកដែលលើកទង់ឲ្យឈប់ ឬអនុញ្ញាតឲ្យបន្តដំណើរជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម