តូយ៉ូតាត្រៀមចេញ GR Hilux ឡានម៉ាស៊ូតកម្លាំងខ្លាំងលើលោក V6 កម្លាំងរមួលជិត ៧០០ញ៉ូតុនម៉ែត្រ?

5146
រូបភាពតំណាង (Cr. William Vicente)

បងប្អូនយើងប្រហែលជាធ្លាប់បានលឺពាក្យថា GR រួចមកហើយ មកពីពាក្យ Gazoo Racing សំដៅលើរថយន្តដែលមានកម្លាំងខ្លាំង និងបាននឹងកំពុងទទួលបានការចាប់អារម្មណ៌ខ្លាំង ជាពិសេសគឺរថយន្ត Yaris GR។ គួរបញ្ជាក់ផងដែរ ថ្មីៗនេះ តូយ៉ូតា ក៏បានលេចលឺពាក្យចចាមអារាមថានឹងបញ្ចេញ GR Corolla ផងដែរ ប៉ុន្តែអ្វីដែលច្បាស់នោះក្នុងនោះគឺរថយន្ត Land Cruiser ២០២២ ឬហៅថា LC300 នោះបានបញ្ជាក់ថានឹងមានប្រភេទ GR។

រូបភាពដំណាងរថយន្ត GR Land Cruiser

យោងតាមគេហទំព័ររបស់អូស្ត្រាលី បានបញ្ជាក់ថា តាមការបង្ហាញគឺរថយន្ត Hilux GR នេះនឹងប្រើប្រាស់ម៉ាស៊ីនថ្មីរបស់រថយន្ត Land Cruiser ២០២២ ចំណុះ ៣,៣លីត្រ ស៊ីឡាំង ៦ / V6 ដែលអាចផលិតថាមពលកម្លាំង ២៣០kw កម្លាំងរមួល ៦៨៧nm ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ១០វគ្គ។ នៅក្នុងនោះដែរ ក៏មានការសួរបញ្ជាក់អំពីរថយន្តថ្មី Toyota GR នេះនឹងមានកម្លាំងខ្លាំងដូចពាក្យ GR ដែលបានកំណត់ដែរឬទេ លោក Rod Ferguson នាយកចាត់ការទូរទៅនៃផ្នែក Product Planning and Development ប្រចាំតូយ៉ូតាប្រទេសអូស្ត្រាលី បានធ្វើការឆ្លើយតបថា “នោះជាការសន្និដ្ឋានដ៏ត្រឹមត្រូវ”។

Sponsored

គាត់បន្ថែមទៀតថា “HiLux គឺជាម៉ូដែលដ៏សំខាន់បំផុតសម្រាប់ពួកយើង ហើយយើងនឹងបន្តកែលម្អ ធ្វើអ្វីៗដើម្បីទីផ្សារ Hilux ប៉ុន្តែនៅពេលនេះយើងទាន់មានអ្វីផ្សេងទៀតដើម្បីប្រកាសសម្រាប់ HiLux ទេ” ។ ” ច្បាស់ណាស់មហិច្ឆតារបស់យើង គឺនឹងផ្តល់ជូននូវផលិតផលបន្ថែមទៀត និងពង្រីកសក្តានុភាពផលិតផលនោះទៅតាមទិសដៅផ្សេងៗគ្នា តាមដែលយើងអាចធ្វើបានដោយសារវាជាមហិច្ឆតារបស់យើង។ ” កន្លងមកក្រុមហ៊ុនតូយ៉ូតាធ្លាប់បានសន្យាថា រាល់រថយន្តណាមួយដែលមានស្លាកសញ្ញា GR នឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើឱ្យប្រសើរឡើង គួរឱ្យកត់សម្គាល់ពីសមត្ថភាពកម្លាំងខ្លាំងមិនធម្មតា។ ហើយនោះមានន័យថា GR HiLux នឹងត្រូវផ្តោតសំខាន់ទៅលើកម្លាំងខ្លាំង មិនថាការបើកបរនៅលើផ្លូវល្អ ឬពិបាកនោះទេ។

ទោះពេលនេះមិនទាន់មានការបញ្ជាក់ផ្លូវការណាមួយ តែក្រុមហ៊ុនតូយ៉ូតាអូស្ត្រាលី បានចុះបញ្ជើរស្លាកសញ្ញា “GR Hilux” រួចទៅហើយ ដែលត្រូវបានគេរំពឹងថាអាចនឹងដាក់លក់ជាផ្លូវការក្នុងឆ្នាំ ២០២៣។

Sponsored